
ភ្នំពេញៈ អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានប្រកាសមិនឲ្យគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រសិនបើក្នុងករណីរំលាយ CNRP ពីព្រោះការបោះឆ្នោត នឹងគ្មានន័យ ហើយមិនចំណេញដល់ប្រទេសជាតិដែរ ខណៈគណបក្សសង្រ្គោះជាតិ នឹងត្រូវតុលាការកំពូល បើកសវនាការរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលលោកបានចូលរួមសិក្ខាសាលាស្ដីអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកបានឲ្យដឹងថា កាលបោះឆ្នោតអត់មាន CNRP គឺគ្មានន័យ និងគ្មានយុត្តិធម៌ឡើយ។
លោកបានថ្លែងទៀតថា “បើរំលាយ (បក្សសង្គ្រោះជាតិ) សូមប្រកាសកុំឲ្យមានការបោះឆ្នោត ព្រោះការបោះឆ្នោតអត់មានន័យ អត់មានតម្លៃ អត់មានប្រយោជន៍ ខូចប្រយោជន៍ប្រទេសកម្ពុជាវិញ ដូច្នេះនឹងមានចរន្ដនៅក្នុងពិភពលោក”។

អតីតមេបក្សប្រឆាំង បញ្ជាក់ថា ការបោះឆ្នោតអត់ CNRP នឹងមិនត្រឹមត្រូវ ហើយពលរដ្ឋមួយចំនួន ក៏មិនពេញចិត្តផងដែរ។
ជុំវិញការបោះឆ្នោតនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា អ្នកណាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជារឿងរបស់ពួកគេ សំខាន់ឲ្យតែពលរដ្ឋខ្មែរ ពេញចិត្ត និងទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ។
សម្តេចបន្តថា កម្ពុជា ក៏មិនចាប់បង្ខំឲ្យបរទេសណាមកទទួលស្គាល់ដែរ ហើយកម្ពុជា នៅតែបន្តការរៀបចំបោះឆ្នោត។

សូមរំឭកថា ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីថ្មីឆ្នាំ២០១៧ មានជាង៥សែននាក់ ខណៈការកំណត់ចុះឈ្មោះថ្មី មានជាង១លាននាក់៕