
ក្រចេះ ៖ បទល្មើសព្រៃឈើក្នុងខេត្តក្រចេះ កំពុងតែមានភាពអនាធិបតេយ្យកាន់តែខ្លាំងឡើងហើយ ដោយសារភាពអសកម្មរបស់មន្ត្រី ជាពិសេសផ្នែករដ្ឋបាលព្រៃឈើក្រចេះ និងសមត្ថកិច្ចជំនាញ ដែលគេសង្ស័យថា បើកដៃ ទើបបទល្មើសព្រៃឈើកើតឡើងយ៉ាងអនាធិបតេយ្យបែបនេះ។ ក្រុមឈ្មួញដឹកជញ្ជូនឈើប្រភេទសុក្រំ យកទៅលក់នៅប្រទេសវៀតណាម តាមរថយន្ដសាំយ៉ុងជិត២០គ្រឿង ឆ្លងកាត់ទៅខេត្តត្បូងឃ្មុំ បានយ៉ាងរលូន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តដឹកឈើទាំងនោះ បានដឹកឈើចេញពីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ឆ្លងដរឬស្សីចារ បន្ដទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរំភើយតាមច្រកប៉ុស្ដិ៍កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចឡើយ។
ជាក់ស្ដែង នៅយប់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៧នេះ មានរថយន្ដប្រភេទសាំយ៉ុង ចំនួន១៤គ្រឿង ដឹកឈើពេញប្រៀប បើកបន្ដកន្ទុយគ្នាដូចហែកឋិន ដោយគ្មានញញើតសមត្ថកិច្ចឡើយ។
ពលរដ្ឋបន្ដទៀតថា ប្រហែលជាក្រុមឈ្មួញឈើទាំងនោះ មានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចហើយមើលទៅ ទើបក្បួនរថយន្ដដឹកឈើទាំងហ្វូងៗទៅដល់គោលដៅដោយសុវត្តិភាព គ្មានការរំខានពីសមត្ថកិច្ចបន្តិចសោះឡើយ៕
