Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ក្មេងប្រុស២នាក់ ដែលមានអាយុ១១ឆ្នាំដូចគ្នា បានលង់ទឹកស្លាប់បាត់បង់ជីវិត គួរឲ្យអាណោចអាធម៌បំផុត។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ក្នុងវត្តក្តីកណ្តាល ស្ថិតក្នុងភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ប្រភពសមត្ថកិច្ចឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ជា សៀវម៉េង អាយុ១១ឆ្នាំ រស់នៅក្នុងបន្ទុកម្តាយឈ្មោះ ជុំ ច័ន្ទសោភា មានទីនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងទី២ឈ្មោះ វណ្ណ ថាវីន អាយុ១១ឆ្នាំ រស់នៅក្នុងបន្ទុកម្ដាយឈ្មោះ ប៉ាវ ស៊ីថា អាយុ៤២ឆ្នាំ ឪពុកឈ្មោះ ហាក់ សុវណ្ណ អាយុ៤៩ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ជាមួយគ្នា។

ប្រភពព័ត៌មាននិយាយថា ក្មេងប្រុសរងគ្រោះទាំង២នាក់ នៅផ្ទះក្បែរគ្នា ហើយនៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសទាំង២នាក់ខាងលើ បានទិញមីពីផ្ទះចិនមួយកញ្ចប់ ដោយបបួលគ្នាថាយកទៅឲ្យស្រុះស៊ី។ ខណៈនោះ អ្នកលក់ចាប់ហ៊ួយក៏មិនបានចាប់អារម្មណ៍ ស្រាប់តែមួយសន្ទុះមានការភ្ញាក់ផ្អើលថា ក្មេងប្រុសទាំង២នាក់នោះ បានលង់ទឹកស្រះ ក្នុងវត្តក្តីកណ្តាល ស្លាប់ទៅហើយ។

ភ្លាមនោះ នគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសពក្មេងទាំង២នាក់។ បន្ទាប់ពិនិត្យរួច គណៈកម្មាការចម្រុះបានបញ្ជាក់ប្រាប់ថា ក្មេងប្រុសទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន។

ក្រោយធ្វើកោសល្យវិច្ច័យរួចរាល់ និងដោយមានការឯកភាពពីក្រុមគ្រួសារ សមត្ថកិច្ចក៏ធ្វើកំណត់ហេតុប្រគល់សពរៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor