
មួយរយៈតារាសម្តែងកញ្ញា ណូម័រ មិនត្រឹមតែទទួលបានប្រជាប្រិយភាពខ្លាំងប៉ុណ្ណោះទេ សូម្បីតែប្រាក់ចំណូលក៏ខ្ពស់ដែរ ។ ជាក់ស្តែងប៉ុន្មានខែមុននេះ កញ្ញាទើបតែទិញផ្ទះនៅចំការដូង មានតម្លៃជិត១០ម៉ឺនដុល្លារមកទេ ស្រាប់តែប៉ុន្មានថ្ងៃនេះ កញ្ញាបានបើកហាងលក់សំលៀកបំពាក់នៅផ្សារទួលគោក ដែលបានចំណាយជិតម៉ឺនដុល្លារថែមទៀត ទុនទាំងនេះបង្ហាញយ៉ាងច្បាស់ថា តារាស្រីរូបស្រស់មានទ្រព្យគួរឲ្យកោតសរសើរ។

តារាសម្តែង និងពិធីការិនីកំពុងឡើងកូដកញ្ញា ណូម័រ បានប្រាប់ Kqube ថ្មីៗនេះថា នាងទើបតែបានទិញផ្ទះមួយជុងនៅចំការដូងមានតម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ហើយផ្ទះនោះនាងទិញឲ្យលុយផ្ទាល់ មិនបានទិញបង់រំលោះទេ ព្រោះការបង់រំលោះ នាងខ្លាចពេលនេះរកបាន តែពេលក្រោយរកមិនសូវបាននាំឲ្យពិបាក ដូច្នេះហើយឲ្យលុយគេដាច់តែម្តងទើបស្រួលចិត្តជាង។

កញ្ញរូបស្រស់ក៏បានបញ្ជាក់ដែរថា លុយទិញផ្ទះខាងលើនាងមិនបានខ្ចីគេ ឬមានជំនួយពីអ្នកណាដែរ គឺជាលុយនាងរកបានពីការងារសិល្បៈ បូករួមជាមួយលុយលក់រថយន្តRange Rover បានជាង៦ម៉ឺន ទើបយកមកបង្គ្រប់ទិញផ្ទះនោះបាន។

ខណៈកញ្ញា ណូម័រ ទិញផ្ទះថ្មីមិនទាន់ទាំងបានចូលស្នាក់នៅ តែ បានងាកមកបើកហាងលក់សំលៀកបំពាក់នៅផ្សារទួលគោក ដោយបានចំណាយទុនជិត១ម៉ឺនដុល្លារបន្ថែមនោះ ធ្វើឲ្យអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រ មួយចំនួន បានសរសើរនាងមិនដាច់ពីមាត់ថា ណូម័រ ពិតជាមានលុយច្រើន គួរឲ្យកោតសសើរ ព្រោះរយៈពេលតែប៉ុន្មានខែសោះ នាងចាយលុយអស់ប្រមាណជាង១០ ខណៈដែលអ្នកសិល្បៈមានកេរ្តិ៍ឈ្មោះប្រហាក់ប្រហែលនាងតែងត្អូញត្អែពីរឿងសេដ្ឋកិច្ច៕
