
កូរ៉េខាងត្បូង គ្រោងបញ្ជាទិញនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ និងឧបករណ៍យោធាអាមេរិកផ្សេងៗទៀត ដែលមានតម្លៃរាប់ពាន់លានដុល្លារ មុនពេលមីស៊ីលផ្លោងរបស់របស់កូរ៉េខាងជើង ចូលមកដល់។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនាយប់ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប របស់កូរ៉េខាងត្បូង បានរាយការណ៍ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើកិច្ចព្រមព្រៀងមួយ ស្ដីពីការបង្កើតយន្តការទប់ស្កាត់រួមគ្នានឹងទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in។

ទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារសារព័ត៌មាននេះ ក៏បានកត់សម្គាល់ផងដែរថា ទីក្រុងសេអ៊ូល នាពេលបច្ចុប្បន្នត្រូវបានហាមឃាត់មិនឲ្យបញ្ជាទិញសម្ភារៈយោធាបន្ថែមឡើយ ដោយផ្អែកក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដែលនេះជាសញ្ញាបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ត្រូវតែកែប្រែជាមុនសិន។

គួរបញ្ជាក់ផងដែរថា លោក ដូណាល់ ត្រាំ បានចរចាជាមួយប្រធានាធិបតីជប៉ុន ដោយលើកទឹកចិត្តដល់សម្ព័ន្ធមិត្តអាមេរិក ដើម្បីទិញអាវុធរបស់អាមេរិកផងដែរ ដើម្បីគេចចេញពីការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង៕
