
ភ្នំពេញៈ បន្ទាប់ពីមានករណីក្រុមជនសង្ស័យមានគ្នា៥នាក់ បានធ្វើសកម្មភាពប្រើអាវុធភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ និងមានករណីគាស់ផ្ទះយកម៉ូតូ កាលពីយប់មិញរួចមកកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ បានជាបន្តរបន្ទាប់ កាលពីម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ទីតាំងទី១.នៅចំណុចបន្ទប់ជួលផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ និងទីតាំងទី២. នៅភូមិគោកចំប៉ក់សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសប្រាប់ថា ជនសង្ស័យទាំង៥នាក់ ទី១-ឈ្មោះ ហេង លាងហុង ភេទស្រី អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(ឃាត់នៅក្នុងសង្កាត់ទឹកថ្លា ដកហូតបានដែកច្នៃកាច់កម៉ូតូចំនួនមួយ ម៉ូតូស្កូបពីមួយគ្រឿង)។ទី២. ឈ្មោះ ជា កុយ អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រកដ ស្នាក់នៅចំណុចបន្ទប់ជួលលេខ២២ ភូមិគោកចំប៉ក់ សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣. ឈ្មោះ ឆន ណារិទហធ អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចបន្ទប់ជួលលេខ២២ ភូមិគោកចំប៉ក់ សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ(ដកហូតម៉ូតូចំនួន២គ្រឿង ម៉ាកឌ្រឹមសង់ សេរី២០១៥មួយគ្រឿង និងម៉ូតូវីវ៉ាពណ៌ឲ្យខ្មៅមួយគ្រឿង)។ ទី៤. ឈ្មោះ សឿង សុបិន្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ទី៥. ឈ្មោះ វ៉ា បូរិន ហៅពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលិសបានប្រាប់ថា មុនឈានទៅឃាត់ក្រុមជនសង្ស័យទាំង៥នាក់ ខាងលើនេះ គឺកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលបណ្តឹងពីយុវជនម្នាក់ឈ្មោះ អ៊ាប រដ្ឋា អាយុ២១ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅបន្ទប់ជួលភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថាមានចោរមួយក្រុមបានគាស់សោបន្ទប់ចូលលួចយកម៉ូតូ១គ្រឿង ម៉ាកឌ្រឹមសង់ សេ១២៥ សេរី២០០៨ ឡើងតែម២០១០
ពាក់ស្លាកលេខ តាកែវ 1C-8497 បន្ទប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ តាមរយៈកាំមេរ៉ាសុវត្តិភាព ក៏កំណត់មុខសញ្ញាបាន លុះដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោ១១និង១០នាទីព្រឹក កម្លាំងសមត្ថកិច្ចបានសហការណ៍គ្នា ចុះបង្ក្រាប២គោលដៅខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៥នាក់តែម្តង។

ដកហូតសម្ភារៈល្មើសមួយចំនួន និងម៉ូតូចំនួន៣គ្រឿង ដោយឡែកម៉ូតូជនរងគ្រោះដែលពួកគេលួចយកទៅនោះ ត្រូវក្រុមសង្ស័យឲ្យបក្ខពួកម្នាក់ទៀត យកទៅលក់បាត់ហើយ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ។
ក្នុងនោះដែរសមត្ថកិច្ច ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូសូមយកឯសារមកផ្ទៀងផ្ទាត់ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បើឯសារត្រឹមត្រូវសមត្ថកិច្ច និងប្រគល់ម៉ូតូនោះជួនបងប្អូនយកទៅប្រើប្រាស់វិញ៕




