Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវប្រុសស្នេហ៍របស់ខ្លួននាំមកដេកផ្ទះសំណាក់ រួមច្របាច់ក សម្លាប់ស្លាប់ចោលនៅក្នុងបន្ទប់ ហើយប្រុសស្នេហ៍គេចបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៣៖៤០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់លេខ៦៦ ជាន់ទី២ ក្នុងផ្ទះសំណាក់យីហោ ពន្លឺ ពេជ្រ មានទីតាំងផ្ទះលេខ៤៣B៣ ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក គល់ យី អធិការរងខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ដេកស្លាប់លើគ្រែពូក។ ចំណែកជនសង្ស័យ ក៏បានមិនស្គាល់អត្តសញ្ញាណដូចគ្នា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)។

ដោយយោងតាមការបំភ្លឺម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៩៖៤២នាទី មានជនសង្ស័យម្នាក់ អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ស មិនចាំស្លាកលេខ បានដឹកនារីរងគ្រោះមកដេកផ្ទះសំណាក់យីហោ ពន្លឺ ពេជ លុះដល់វេលាម៉ោង៣ម៉ោង៤០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានចុះមកក្រោមតែម្នាក់ឯងអូសម៉ូតូចេញដោយប្រាប់ថា មានការប្រញាប់រួច ក៏ជិះម៉ូតូចេញទៅបាត់ ដោយមានការសង្ស័យអ្នកមើលការខុសត្រូវផ្ទះសំណាក់ បានឡើងទៅមើលក្នុងបន្ទប់ហៅមិនមានអ្នកឆ្លើយតប ក៏យកកូនសោរមកចាក់បើកទ្វារមើល ក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយទើបរាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។

បន្ទាប់ពីកើតរឿងឃាតកម្មនោះរួចហើយ កម្លាំងសមត្ថកិច្ចបានបង្កើតគណៈកម្មការចុះដោយមានទាំងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យពិនិត្យកោសល្យវិច័យ បញ្ជាក់ថា នារីរងគ្រោះរូបនោះស្លាប់ដោយច្របាច់ក។

បច្ចុប្បន្ន សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចសម្រេចបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញ្ញាតិមកសួររកឬឈានដល់ការស្គាល់ពីអត្តសញ្ញាណផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor