
ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានអះអាងថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជាហៅកាត់ថា CCHR ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា ប៉ុន្តែការគ្រប់គ្រងរបស់លោកបរាជ័យ ទើបទៅបង្កើតគណបក្សផ្ទាល់ខ្លួនឈ្មោះគណបក្សសិទ្ធិមនុស្ស ក្រោយមកខ្លាចមិនបានជ័យជំនះ ក៏បានរួមគ្នាជាមួយ លោក សម រង្ស៊ី បង្កើតគណបក្សសង្រ្គោះជាតិ។
តាមរយៈសារអេឡិចត្រូនិច តេឡេក្រោមរបស់លោក សុខ ឥសាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសរសេរថា “មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងដោយ ឯកឧត្តម កឹម សុខា នាឆ្នាំ២០០២ ដែលបើតាមឯឧត្តម កឹម សុខា ដើម្បីអប់រំប្រជាជនកម្ពុជា ឲ្យយល់ពីលទ្ធិប្រជាធិបតេយ្យ” ។
អ្នកនាំពាក្យបក្សកាន់អំណាចបានរំឭកថា នៅពេលលោក កឹម សុខា បានបង្កើតហិបមួយដើម្បីប្រមូលទិន្នន័យអំពើពុករលួយ ដោយហែរហិបនោះ ពីភ្នំពេញទៅសៀមរាប។ ពេលទៅដល់សៀមរាបបាន បើកហិបស្រាប់តែឃើញ ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ CCHR របស់ លោក កឹម សុខា ក៏មិនបានប្រកាសពីលទ្ធផល ការហែរហិបនោះទៅគឺស្ងាត់ឈឹង។
លោកបន្ថែមថា ដោយមានអំពើពុករលួយផ្ទៃក្នុង CCHR ក៏មានបុគ្គលិក១៦នាក់បានដាក់ពាក្យប្តឹង លោក កឹម សុខា ។ ដោយសារអស់ជំនឿ អំពើពុករលួយទើបលោក កឹម សុខា បានប្រកាសថា ការអប់រំសតិអារម្មណ៍ខាងសិទ្ធិមនុស្ស មិនអាចបានប្រយោជន៍ទេ មានតែធ្វើតាមគណបក្សនយោបាយ វិញទើបមានប្រសិទ្ធិភាព ។
លោកបញ្ជាក់ថា “ដោយយកជ័យជំនះមិនបាន ក្នុងការបោះឆ្នោត កឹម សុខា បានឯកភាពជាមួយ សម រង្ស៊ី បង្កើតជាគណបក្សសង្គ្រោះជាតិកាលឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន” ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៦ វិច្ឆិកា បានបញ្ជាឲ្យពិនិត្យមើលផ្លូវច្បាប់ ដើម្បីឈានទៅបិទតែម្តង ដោយសារអ្នកផ្ចុងផ្តើម បង្កើតជាអ្នកបរទេស។
ជុំវិញបញ្ហាទាំងនេះ អង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានអំពាវនាវដល់ប្រទេសអ្នកផ្ដល់ជំនួយ អន្តរាគមន៍ជាបន្ទាន់ ទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការប៉ុនប៉ងបិទទ្វារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយពុំមានមូលហេតុត្រឹមត្រូវ និងមិនលើមូលដ្ឋានច្បាប់ ។ នេះបើយោងតាមវិទ្យុអាស៊ីសេរី បានចេញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕
