Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរី ចំនួន២រូប ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជា បញ្ជូនទៅឃុំខ្លួនភ្លាមៗក្នុងពន្ធនាគារព្រៃស នៅឯខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ នាវេលាម៉ោងប្រមានជិត៧យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តាមការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បើទោះបីជាចៅក្រមទើបតែសាកសួរម្នាក់ ក្នុងចំណោមអ្នកទាំងពីរក្ដី។ ទាំងមេធាវីការពារក្ដី និងក្រុមគ្រួសារអ្នកទាំងពីរ បានអះអាងថា ការចោទប្រកាន់មកលើអ្នកទាំងពីរ គឺជារឿងអយុត្តិធម៌។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃនេះថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២រូប ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធការលួចដំឡើងបន្ទប់ស្ទោឌីយោដោយខុសច្បាប់នោះ ពេលនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការហើយ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរ។

បើតាមអ្នកនាំពាក្យរូបនេះ ៖ “បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថា មានមូល​ដ្ឋា​នគ្រប់គ្រាន់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ដោយបើកការស៊ើបសួរពីបទប្រគល់អោយរដ្ឋបរទេស នូវព័ត៌មានជាអាទិ ដែលបង្កអោយមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ព្រះរាជាណាចក្រកម្ពុជា ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី”

ក្រោយការសម្រេចចោទប្រកាន់ជាផ្លូវការនៅព្រឹកថ្ងៃនេះ អតីតអ្នកយកព័ត៌មានទាំងពីររូប ក៏ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ បញ្ជូនមកតុលាការជាថ្មី ពោល គឺជាលើកទី៣ នៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

បន្ទាប់ពីបានបើកការសាកសួរពេញមួយរសៀលមកនោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចឃុំខ្លួនលោក អ៊ួន ឈិន និងលោក យាង សុជមេត្តា ជាបណ្ដោះអាសន្នសិន និងរង់ចាំធ្វើការសាកសួរបន្ថែមទៀត នៅពេលក្រោយ ហើយបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនទៅនៅពន្ធនាគារព្រៃស។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្ដីអ្នកទាំងពីរ។

លោក កែវ វ៉ាន្នី មេធាវីការពារក្ដី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើដងផ្លូវព្រះមុនីរ៉េត ខាងមុខតុលាការ ក្រោយការបញ្ជូនកូនក្ដីទៅពន្ធនាគារថា ចៅក្រមបានសម្រេចឃុំខ្លួនកូនក្ដីរបស់លោក បើទោះបីលោក ពេជ្រ វិជ្ជាធរ ទើបតែបានសាកសួរលោក អ៊ួន ឈិន តែម្នាក់ក្ដី។ លោកបន្តថា ចៅក្រមនឹងធ្វើការសាកសួរលោក សុជីមេត្តា ម្នាក់ទៀត នៅពេលក្រោយ ប៉ុន្តែខាងតុលាការ មិនទាន់កំណត់ពេលនៅឡើយទេ។

តាមមេធាវីរូបនេះ ៖ “ចៅក្រោមអត់ទាន់បានសម្រេចចោទប្រកាន់ ឬថា ដោះលែងយ៉ាងណាទេ ដោយសារគាត់សាកសួរពីកូនក្ដីខ្ញុំបាទ អ៊ីចឹងគាត់នឹងហៅមកសាកសួរពេលក្រោយទៀត ហើយយ៉ាងណាយ៉ាងណី គាត់នឹងពិចាររណាពេលក្រោយថា តើត្រូវចោទប្រកាន់ ឬដោះលែងវិញ។  ខ្ញុំយល់ឃើញថា ការដែលតំណាងអយ្យការគាត់ធ្វើការចោទប្រកាន់ជាដំណាក់កាលដំបូងរបស់គាត់ ហើយរហូតមកដល់ពេលនេះ ចៅក្រមស៊ើបសួរឃុំខ្លួនជាបណ្ដោះអាសន្នហ្នឹង វាមានភាពអយុត្តិធម៌សម្រាប់ពួកគាត់ណាស់ ដោយសារពួកគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តំណាងអយ្យការទេ”

ជុំវិញបទចោទខាងលើនេះ អ្នកយកព័ត៌មានទាំងពីរ ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី៧ ទៅ១៥ឆ្នាំ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា រកឃើញថា អ្នកទាំងពីរបានលួចផ្ដល់ព័ត៌មានឲ្យទៅបរទេស ដែលអាច​បង្កអន្តរាយដល់សង្គមជាតិ។

ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៤៥ បានចែងថា “បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ដល់១៥ឆ្នាំ”

គួរជម្រាបថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុជីមេត្តា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកម្ពុជា ធ្វើការឃាត់ខ្លួនអំឡុងចុះធ្វើរដ្ឋបាលនៅចំណុចបន្ទប់លេខ E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់ ពោល គឺលួចផលិតព័ត៌មានផ្ញើទៅឲ្យវិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្រោយការឃាត់ខ្លួន អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ និងឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ហើយសមត្ថកិច្ចបានបញ្ជូនអ្នកទាំងពីរ មកតុលាការចំនួន២លើកមកហើយផងដែរ។ នៅរសៀលថ្ងៃនេះផងដែរ អ្នកទាំងពីរ ក៏ត្រូវបានបញ្ជូនមកតុលាការក្រុងភ្នំពេញ ជាលើកទី៣ មុនពេលចៅក្រមសម្រេចឃុំខ្លួនជាផ្លូវការ។

ទោះបីជាបែបណាក៏ដោយ សាច់ញាតិដែលរស់នៅជាមួយលោក យាង សុជាមេត្តា បានសម្ដែងការសោកស្ដាយចំពោះការសម្រេចឃុំខ្លួនបងប្រុសរបស់ខ្លួន។ លោក ហេង ប៊ឿន អះអាងថា បើសិនជាឪពុករបស់លោក សុជាមេត្តា ដែលកំពុងរស់នៅកម្ពុជាក្រោម បានទទួលព័ត៌មានថា កូនប្រុសត្រូវបានចាប់ និងឃុំខ្លួននោះ នឹងអាចប៉ះពាល់សុខភាពគាត់(ឪពុក) ដែលជាជនចាស់ជរាកំពុងមានជំងឺធ្ងន់។

លោកបញ្ជាក់បន្ថែមថា “អ៊ីចឹងគាត់បារម្ភ គាត់ខ្លាចថា មានរឿងអីមួយប៉ះទង្គិច អាចប៉ះពាល់ទៅដល់អាយុជីវិតរបស់ឪពុកគាត់ ដូច្នេះបើសិនជាឪពុករបស់គាត់កើតមានបញ្ហាអីមួយដោយសារតែការឃុំខ្លួនគាត់នៅពេលនេះ ក្លាយជារឿងអយុត្តិធម៌ចំពោះគាត់ពេញមួយជីវិត​របស់គាត់តែម្ដង។ នេះជាអ្វីដែលគាត់ផ្ដាំផ្ញើ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor