Sponsor
រិទ្ធី

នៅថ្ងៃទី១៦ ខែវិច្ឆិកា វេលាម៉ោង៥:១៥នាទី ល្ងាចមិញនេះ តុលាការកំពូលបានប្រកាសអង្គសវនាការជាសាធារណៈរំលាយគណបក្សសង្គ្រោះជាតិជាស្ថាពរ បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង១០ម៉ោង រួចមក ម្យ៉ាងទៀតតុលាការកំពូលក៏ប្រកាសផ្អាកសកម្មភាពនយោបាយមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង១១៨រូប រយៈពេល៥ឆ្នាំ។

ភ្លាមៗនោះ មានគណបក្សនយោបាយដែលជាដើមបណ្តឹងបានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះតុលាការកំពូលដែលបានអនុវត្តច្បាប់លើគណបក្សសង្គ្រោះជាតិ ដើម្បីពង្រឹងនីតិរដ្ឋ និងតម្រង់ទិសដល់ក្រុមអ្នកនយោបាយបរទេសនិយមកុំឦឲឱ្យធ្វើនយោបាយហួសដែនកំណត់នៃច្បាប់ ចុងបញ្ជប់នៃសេចក្តីថ្លែងការណ៍នេះ ក៏អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមចូលរួមការពារនូវសាលក្រមរបស់តុលាការកំពូលដើម្បីការពារសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយឱ្យមានសុខសុត្ថិភាពគ្រប់ពេលវេលា។

គណបក្សយុវជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះតុលាការកំពូល កាត់រំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយ របស់សមាជិកបក្សនេះ ១១៨នាក់
គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះតុលាការកំពូល កាត់រំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយ របស់សមាជិកបក្សនេះ ១១៨នាក់
គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្ដីថ្លែងការណ៍គាំទ្រ និងថ្លែងអំណរគុណ ចំពោះចំណាត់ការរបស់តុលាការកំពូល ដែលបានកាត់សេចក្ដីរំលាយគណបក្សសង្គ្រោះជាតិ

ខុសពីគណបក្សមិនសូវល្បីឈ្មោះនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍ថា៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្តែងការសោកស្តាយចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងការហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលស្គាល់ការចូលរួមចំណែករបស់គណបក្សសង្រ្គោះជាតិ និងអ្នកនយោបាយ១១៨នាក់ ក្នុងដំណើរការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ ការរំលាយគណបក្សសង្រ្គោះជាតិ ពិតជាប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកទឹកចិត្តឲ្យសមាជិក និងអ្នកនយោបាយ គណបក្សសង្រ្គោះជាតិ ជំនាន់ថ្មីកសាងកម្លាំងនយោបាយឡើងវិញដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

ចំណែកឯបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទថាការសម្រេចនេះមានចរិតនយោបាយ រំលោភបំពាន និងការបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ បំផ្លាញគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។

ម្យ៉ាងទៀតបក្សនេះមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការកំពូលជាដាច់ខាត។ គណបក្សចាត់ទុកការរឹបអូសអាសនៈរបស់បក្សខ្លួនជាទង្វើប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ។ 
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា៖ បក្សប្តេជ្ញាយ៉ាងម៉ឺងម៉ាត់រក្សា និងការពារចរនាសម្ព័ន្ធនៅដដែល។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor