
ភ្នំពេញៈ យ៉ាងហោចណាស់មនុស្ស៣នាក់ បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ កើតឡើងវេលាម៉ោង៥នឹង៣០នាទីព្រលឹមថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះសីហនុ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនជាតិខ្មែរម្នាក់ បានដើរឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងទៅហាត់ប្រាណ ខណៈកំពុងដើរឆ្លងផ្លូវដល់ពាក់កណ្តាលផ្លូវ កស្រាប់តែមានបុរសជាជនជាតិបរទេស ២នាក់ ជិះម៉ូតូ ធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 1BA 5656 បានធ្វើដំណើរតាមផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុកបុរសដែលកំពុងតែដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យផ្លោងជិត១០ម៉ែត្រ បោកក្បាលផ្លូវហូរឈាមស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីបុកអ្នកដើរឆ្លងផ្លូវហើយ ម៉ូតូរបស់ជនបរទេស បានរេចង្កូតជ្រុលទៅបុករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-2816 មួយគ្រឿង ដែលចតទុកស្ងៀម នៅលើក្នុងទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសជនជាតិបរទេសទាំងពីរនាក់ ហោះផ្លោងខ្ទាតចេញពីគ្នារៀងៗខ្លួន ហើយបាក់កស្លាប់នៅនិងកន្លែងទាំងពីរនាក់ថែមទៀត ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានធ្វើការវាស់វែងនៅកន្លែងកើតហេតុ ដោយបានអូសយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ហើយសមត្ថកិច្ចក៏បានទំនាកទំនងទៅសាច់ញាតិជនរងគ្រោះមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕



