
ភ្នំពេញៈ ក្រោយខិតខំប្រឹងប្រែងហាត់រៀនជំនាញជាមន្ត្រីនគរបាល ដើម្បីបានជំនាញពិតប្រាកដហើយនោះ កញ្ញា អាលីហ្សា បានចូលស៊ុបក្របខ័ណ្ឌរដ្ឋក្នុងតួនាទីជាប៉ូលិសស្រីដ៏ស្រស់ផូរផង់។ ប្រសិនបើការងារថ្មីនេះរលូន នាងអាចនឹងពង្រឹងជំនាញទី២ ឲ្យមានលំនឹងល្អជាងសិល្បៈ។
រយៈពេលជាង១ឆ្នាំហើយ ដែលតារារាងស្រឡូន អាលីហ្សា បានជាប់ការងារជាមន្ត្រីរាជការខាងជំនាញប៉ូលិស ក្រោមការហាត់រៀនអស់ជាច្រើនដំណាក់កាលគ្រប់តាក់ទិចនៃរបៀបរបបការងារ រហូតធ្វើឲ្យមជ្ឈដ្ឋានមហាជនភ្ញាក់ផ្អើល ដែលតារាតែងខ្លួនឡូយឆាយបែរជាដក់ចិត្តលើការងាររាជការដល់ម្លឹង។
បញ្ជាក់ពីជំនាញថ្មីជាប៉ូលិសស្រី ដែលម៉ឺងមាត់ កញ្ញា អាលីហ្សា បានឲ្យ Cam Post ដឹងថា ការចូលធ្វើជាប៉ូលិសនេះ ទម្រាំជាប់ពេញសិទ្ធិ គឺលំបាកដោយសារតែអ្វីៗត្រូវប្រឡងចូលដូចថ្នាក់បាក់ឌុបដែរ គឺមិនខុសគ្នាប៉ុន្មានទេ។ នាងបានរៀបរាប់ថា ក្នុងនាមជាកូនខ្មែរ គួរតែធ្វើអ្វីដែលជួយលើកស្ទួយប្រទេសជាតិ ហើយជំនាញប៉ូលិសនវ នាងស្រឡាញ់យូរមកហើយ ហើយថាថ្ងៃណានឹងអុកឡុកចូលជាមន្ត្រីឲ្យបានដើម្បីបានការងារទីពីរនឹងថឹងជាងសិល្បៈចាស់ទៅមានប្រាក់ខែដែរ។ បើទោះជាពេលនេះ នាងបានក្របខ័ណ្ឌការងារល្អ ហើយកំពុងតែបម្រើក៏នាងបានបែងចែកចូលសិល្បៈវិញ មិនខកខាន ដោយលៃពេលច្បាស់លាស់មិនជាន់គ្នាឡើយ។ សិល្បៈក៏ដំណើរការល្អមានទាំងកុនដុំថត និងត្រៀមទទួលរឿងភាគបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ធំៗមួយចំនួនផងដែរ។

រហូតមកទល់ពេលនេះ អាលីហ្សា ក្រៅពីគ្រងបានទាំងសិល្បៈ និងមន្ត្រីរាជការ នាងក៏បានប្រែក្លាយជាអ្នករកស៊ីជាង១ឆ្នាំហើយ ដោយបើកសំអាងការមួយកន្លែងមានឈ្មោះថា "មង្គលខ្មែរ" នៅទីរួមខេត្តកំពង់ធំ។ ឆាប់ៗនេះ ក៏ត្រៀមបើកដំណើរការហាងលក់បាយកាហ្វេមួយទៀត នៅគេហដ្ឋានផ្ទាល់របស់នាង ព្រោះមិនចង់ឲ្យផ្ទះទំនេរចោល។ អាលីហ្សា បញ្ជាក់៕




