header ads

Sponsor

រិទ្ធី

កោះរ៉ុងជាកោះមួយក្នុងចំណោមកោះដទៃទៀតស្ថិតនៅក្នុងខេត្តព្រះសីហនុ កោះរ៉ុងជាកោះមួយស្ថិតនៅចម្ងាយ២៥គីឡូម៉ែតពីឆ្នេរសមុទ្រ ដែលមានផ្ទៃដី ៧៨ គម២ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គម។ ចំនុចខ្ពស់បំផុតរបស់កោះមានកម្ពស់១៣៣មពីនីវ៉ូសមុទ្រ។ កោះរ៉ុងបានអភិវឌ្ឍរួមដើម្បីផ្លាស់ប្ដូរមុខមាត់កោះនេះឱ្យទៅជាទីរមណីយដ្ឋាននិងរីសតប្រណីត ពោរពេញដោយជីវិតក្នុងសមុទ្រចម្រុះ មានផ្កាថ្មដុះនៅជុំវិញកោះផងដែរ។ 

កោះនេះត្រូវបានគេដឹងថា គឺជាកោះមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់សិទ្ធិវិនិយោគឲ្យទៅក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោប វិនិយោគនៅក្នុងអំឡុងរយៈពេលរហូតដល់ ៩៩ ឆ្នាំ នៅលើកោះជាមានបា ភោជនីយដ្ឋាន បឹងហ្គាឡូ និងផ្ទះសំណាក់មួយចំនួន ដែលភាគច្រើនកាន់កាប់ ដោយជនបរទេសនោះ។

កោះរ៉ុង គឺជាទិសដៅអភិរក្សធនធានសមុទ្រដំបូងគេ ដោយសារនៅទីនោះជាតំបន់មានសក្កានុពលទាក់ទាញភ្ញៀវទេសចរដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ នៅក្នុងចំណោមកោះដទៃទៀត ក្នុងតំបន់សមុទ្ររបស់កម្ពុជា។ កោះរ៉ុង ត្រូវបានដាក់ចូលជាឧទ្យានជាតិកោះរ៉ុង ជាង១ឆ្នាំមកហើយ ដោយក្រសួងបរិស្ថាន ដោយមានកិច្ចសហការអភិរក្សជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ហៅកាត់ថា FFI។ 

ធនធានធម្មជាតិនៅលើកោះរ៉ុង អាចនឹងទទួលរងសម្ពាធរេចរឹលជាងនេះ ព្រោះថាវត្តមានផ្ទះសំណាក់ សណ្ឋាគារ និងអាជីវកម្មផ្សេងៗ កំពុងកើតឡើងព្រោងព្រាត លើតំបន់កោះមួយនេះ ដើម្បីការពារ និងអភិរក្សធនធានសមុទ្រ ដែលកំពុងរងសម្ពាធរេចរឹល ក្រសួងបរិស្ថានបានបញ្ជាក់ថាឲ្យដឹងថា ក្រសួងនឹងមានគម្រោងបង្កើតឧទ្យានជាតិសមុទ្រជាប្រវត្តិសាស្ត្រ នៅលើឧទ្យានជាតិកោះរ៉ុង ក្នុងខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។ ទោះយ៉ាងណា នៅពេលនេះក្រសួងបរិស្ថាន កំពុងពិនិត្យមើលលទ្ធភាពដៃគូសហការ ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សជាមុនសិន។

លោក ស្រ៊ុន ដាររិទ្ធិ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថាការបង្កើតឧទ្យានជាតិសមុទ្រ នឹងមានប្រយោជន៍សម្រាប់ធនធានធម្មជាតិនៅទីនោះ ព្រោះថារដ្ឋាភិបាល នឹងអាចប្រើប្រាស់ការការពារ ដោយប្រព័ន្ធច្បាប់ ទៅកាន់ជនណា ដែលមានចេតនាបំផ្លិចបំផ្លាញដល់ធនធានធម្មជាតិ។

បច្ចុប្បន្នក្រសួង បាននិងកំពុងពិនិត្យមើលលទ្ធភាពដៃគូសហការ ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្ស ដូចជាអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត ដើម្បីកំណត់ព្រំប្រទល់ ផែនការការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ នៅតំបន់សមុទ្រ និងការពង្រឹងសមត្ថភាពឧទ្យានុរក្ស ដើម្បីពង្រឹងបណ្តាញការពារសមុទ្រ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post