Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) បានគាំទ្រចំណាត់តុលាការកំពូលចំពោះករណីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ខណៈ CNRP បានថ្កោលទោលតុលាការកំពូលវិញយ៉ាងខ្លាំង ដែលបានរំលាយបក្សខ្លួនបានសម្រេច កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការលើកឡើងរបស់បក្សទាំងពីរ បន្ទាប់ពីតុលាការកំពូល បានបើកសវនាការអស់រយៈពេលពេញ១ថ្ងៃ កាលពីថ្ងៃទី១៦ វិច្ឆិកា ហើយបានប្រកាសសាលដីការំលាយ CNRP ចោលទាំងស្រុង តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងសម្រេចផ្អាកសកម្មភាពនយោបាយរបស់មន្រ្តីបក្សជាង១០០រូប។

ប្រមុខរាជរដ្ឋាភិបាលម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការសម្រេចរបស់តុលាការកំពូលចំពោះការរំលាយ CNRP និងអំពាវនាវដល់ជនរួមជាតិទាំងអស់រក្សាភាពស្ងាត់ស្ងៀម ហើយចូលរួមអនុវត្តន៍ សេចក្ដីសម្រេចរបស់តុលាការកំពូល ដើម្បីរួមគ្នាបន្តថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។

ចំណែក CNRP បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោលយ៉ាងដាច់អហង្ការ ចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយ CNRP។

សូមរំលឹកថា កាលពីថ្ងៃ ១៦ វិច្ឆិកា លោក ឌិត មន្ទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សកម្មភាពធ្វើនយោបាយ នៃថ្នាក់ដឹកនាំចំនួន១១៨រូប របស់បក្សមួយនេះចំនួន៥ឆ្នាំ។

សាលដីកានេះត្រូវបានប្រកាសដោយកំបាំងមុខភាគីគណបក្សសង្គ្រោះជាតិ និងចំពោះមុខក្រុមមេធាវីតំណាង ដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធករណីនេះដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលជាប់ព័ន្ធនឹងអំពើក្បត់ជាតិរបស់ លោក កឹម សុខា ក៏បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន រស់នៅកម្ពុជាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសឲ្យឆ្ងាយពីកន្លែងណាដែលមានមនុស្សច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor