Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនំាពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឲ្យដឹងថា ការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី តាមរយៈបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត គ្មានបេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា នោះទេ។

លោក ឡេង ប៉េងឡុង បានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកានេះថា រដ្ឋសភា បានទទួលលិខិតរបស់សមាជិក គ.ជ.ប ចំនួន៣រូប សុំលាលែងពីសមាជិករួចហើយ ហើយពេលនេះ រដ្ឋសភា កំពុងធ្វើតែធ្វើការតាមនីតិវិធីច្បាប់ ដើម្បីជ្រើសរើសបេក្ខភាពជំនួស។

លោកបញ្ជាក់ថា “យើងធ្វើតាមច្បាប់ គឺគណៈអចិន្ត្រៃយ៍រដ្ឋសភា នឹងរៀបចំកិច្ចប្រជុំដើម្បីដាក់ជូនសភា អនុម័ត។ ពេលនេះ យើងកំពុងរៀបចំ ព្រោះយើងទើបបានទទួលពីម្សិលមិញ (ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៧)។ តាមច្បាប់សមាជិក គ.ជ.ប គឺមិនមកពីគណបក្សចូលរួមរដ្ឋាភិបាល អញ្ចឹងយើងត្រូវរកជំនួស គឺបេក្ខមកពីគណបក្ស មិនមែនចូលរួមរដ្ឋាភិបាល”

សម្រាប់ការជ្រើសរើសបេក្ខភាព សមាជិក គ.ជ.ប ថ្មី ត្រូវបានលោក ឡេង ប៉េងឡុង លើកឡើងថា នឹងធ្វើតាមនីតិវិធី ដោយឆ្លងតាមការប្រកាសជ្រើសរើស ហើយត្រូវឆ្លងកាត់ការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីរៀបចំដាក់ជូនសភា ក្នុងការបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

អ្នកនំាពាក្យរដ្ឋសភា បានអះអាងថា តាមច្បាប់ គឺរយៈពេល១៥ថ្ងៃ ត្រូវជ្រើសរើសសមាជិក គ.ជ.ប ថ្មីមកជំនួស។ លោកក៏បានបន្តថា បើទោះបី ជាសមាជិក គ.ជ.ប បីរូប ដែលលាលែងពីតំណែងក៏សមាជិក គ.ជ.ប នៅចំនួន៦រូប ក៏បានដំណើរការបានជាធម្មតា។

លោកបញ្ជាក់ថា “ឥលូវគ្មានបញ្ហាទេ គេលាលែងតែ៣នាក់ យើងមាន៩នាក់ឯណោះ។ តាមខ្ញុំដឹង តាមច្បាប់ គឺសល់៦នាក់ គឺធ្វើការបានហើយ តាមច្បាប់រដ្ឋធម្មនុញ្ញ។ ដូច្នេះការសុំលាលែងនេះ មិនមានអ្វីរារំាងអាកខានដល់ដំណើររបស់ គ.ជ.ប បានទេ សម្រាប់ការលាលែងរបស់សមាជិក គ.ជ.ប នឹង”

សូមជម្រាបថា ការឲ្យដឹងរបស់អ្នកនំាពាក្យរដ្ឋសភានេះ បន្ទាប់ពីសមាជិក គ.ជ.ប ចំនួន៣រូប ដែលកើតចេញកូតាពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) សុំលាលែងពីសមាជិក គ.ជ.ប កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែតុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមាជិក គ.ជ.ប មកពីគណបក្សសង្គ្រោះជាតិ មានចំនួន៤រូប តែបានលាលែងតំណែងចំនួន៣រូប មានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន សមាជិក គ.ជ.ប លោកស្រី តែ ម៉ានីរ៉ុង សមាជិក។ ចំណែក លោក ហ៊ីង ជីឬទ្ធី មិនបានលាលែងពីសមាជិក គ.ជ.ប នោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor