
ភ្នំពេញៈ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តកុងតឺន័រ បើកបុកម៉ូតូ ហើយអូសតាំងពីលើស្ពានរហូតដល់គល់ស្ពាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖២៥នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវឡើងលើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលបាត់បង់ជីវិតមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស បានជិះម៉ូតូមួយគ្រឿងម៉ាក Fz ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1Fz-1970 ជិះគ្នា២នាក់ ក្នុងគោលបំណងចុះពីលើស្ពានព្រែកព្នៅ ខណៈមកដល់លើស្ពាន ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខខាងមុខ ភ្នំពេញ 3C-2904 ខាងក្រោយពាកស្លាកលេខព្រះសីហនុ 4A-0462 បើកក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូអូសរហូតមកដល់គល់ស្ពាន ទើបរថយន្តរេចង្កូតឡើងទូ្រងផ្លូវទៅបុករថយន្តប្រភេទធំដឹកដែកមួយគ្រឿងទៀត បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ។

ចំណែកអ្នកបើកបរម៉ូតូបាត់បងជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ រីឯអ្នកបើករថយន្តបង្ក ក្រោយកើតហេតុបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែង និងបានដឹកសាសពយកទៅរក្សាទុកនៅរត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តរួមនិងម៉ូតូយកទៅរក្សាទុកនៅចរាចរក្រុង រង់ចាំដោះស្រាយគ្នាពេលក្រោយ៕




