Sponsor
រិទ្ធី

មុននឹងឈានដល់ដំណោះស្រាយនយោបាយ យើងគួរស្វែងយល់ពីប្រវត្តិនយោបាយរបស់កម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចាប់តាំងពីក្រោយការបោះឆ្នោតអាណត្តិទី១ មក គណបក្សប្រជាជនកម្ពុជាបានព្យាយាមបំបែកបំបាក់គូប្រជែងដើម្បីគ្រប់គ្រងរដ្ឋ នៅថ្ងៃទី៥-៦ កក្កដា ១៩៩៨ មានរដ្ឋប្រហារទម្លាក់សម្តេចក្រុមព្រះពីប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច ក្រោយមកគណបក្សនេះបានបែងខ្ញែងជាច្រើនបក្ស ហើយអាសនៈធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់សូន្យ។

រដ្ឋាភិបាលកម្ពុជាដែលមានគណបក្សប្រជាជនជាបក្សកាន់អំណាចបានបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយខ្លួនឯង ក្រោយការបោះឆ្នោតម្តងៗ តែងតែមានការតវ៉ាពីសំណាក់បក្សប្រឆាំងថាមានការលួចបន្លំសន្លឹកឆ្នោត ការបោះឆ្នោតមិនត្រឹមត្រូវ ជាដើម។ នៅអាណត្តិទី៥ ពោលការបោះឆ្នោតឆ្នាំ២០១៣ សំឡេងគាំទ្របក្សប្រឆាំងនិងបក្សកាន់អំណាចត្រដំត្រសងគ្នា តែបក្សប្រឆាំងក៏ដូចជាអង្គការសង្កេតការជាតិនិងអន្តរជាតិ រកឃើញភាពមិនប្រក្រតីជាច្រើន រហូតដល់មានការចចារនយោបាយបង្កើតសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។

គណបក្សកាន់អំណាចនៅតែព្យាយាមប្រើយុទ្ធសាស្ត្របំបែកបំបាក់ដើម្បីគ្រប់គ្រង តាមរយៈអំណាចតុលាការ ការធ្វើវិសោធនកម្មច្បាប់ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ បិទអង្គការក្រៅរដ្ឋាភិបាល ចាប់សកម្មជនបក្សប្រឆាំងដាក់គុកជាដើម។ ចុងក្រោយ បានធ្វើឱ្យលោក សម រង្ស៊ី លាលែងជាប្រធានបក្សប្រឆាំង ចាប់លោក កឹម សុខា ដាក់គុក ចោទពីបទក្បត់ជាតិ កាន់តែធ្ងន់ជាងនេះទៅទៀតគឺការរំលាយគណបក្សប្រឆាំង។

ការណ៍នេះ បានធ្វើឱ្យបណ្តាប្រទេសប្រជាធិបតេយ្យអន្តរជាតិមានការព្រួយបារម្ភចំពោះនយោបាយនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ តើត្រូវដោះស្រាយបញ្ហានយោបាយតាមមធ្យោបាយណា?

ភាគីពាក់ព័ន្ធត្រូវតែមានការលះបង់ ហើយអង្គុយចចារគ្នាដោយស្មើភាព តម្កល់ផលប្រយោជន៍ជាតិជាធំ

-គណបក្សកាន់អំណាច៖ ត្រូវដោះលែងនិងទម្លាក់ចោលនូវរាល់បទចោទប្រកាន់ លោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។

អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិលដំណើរការឡើងវិញដោយពេញលេញ។ បញ្ឍប់ជាបន្ទាន់នូវការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ដោយបង្កភាពងាយស្រួលក្នុងការប្រកួតប្រជែង ក៏ដូចជាសកម្មភាពនយោបាយ។ គ្មានការគំរាមកំហែង សម្លុត បំផុតបំភ័យ សកម្មជនគណបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្ស។

ប្រើប្រាស់វោហារស័ព្ទនយោបាយដោយឈរលើក្រមសីលធម៌ ដោយគ្មានការវៃហារ ចោទប្រកាន់ លាបពណ៌ បំបែកបំបាក់ស្មារតីសាមគ្គីភាពជាតិ -រដ្ឋសភា៖ ត្រូវធ្វើវិសោធនកម្មឡើងវិញនូវច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីកាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ជ្រើសរើសក្រុមប្រឹក្សាស្រុក-ខណ្ឌ រាជធានី-ខេត្ត ច្បាប់ស្តីពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល ដោយមានការចូលរួមពិភាក្សាពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ ឱ្យគ្រប់ជ្រុងជ្រោយ និងពេញលេញ។

-គណបក្សសង្គ្រោះជាតិ៖ ដូរលោក កឹម សុខា ប្រធានគណបក្សដោយរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី មានការសម្រេចពីគណៈកម្មាធិការអចិន្ត្រៃយ៍។ បញ្ឍប់ការរិះគន់ដោយគ្មានមូលដ្ឋានដើម្បីគេងចំណេញផ្នែកនយោបាយ រិះគន់ក្នុងន័យស្ថាបនាដោយលើកយកបញ្ហា រួមទាំងដំណោះស្រាយបែបវិទ្យាសាស្ត្រ។

លោក សម រង្ស៊ី មិនអាចប្រឡូកក្នុងនយោបាយទៀតទេ ហើយបញ្ឍប់ការវៃហារដោយគ្មានសីលធម៌ ឈប់យករឿងអតីតកាលដែលមិនច្បាស់លាស់ មកបំផុសបំផុល ញុះញង់ លាបពណ៌ដែលនាំឱ្យគ្មានឯកភាពជាតិ។ -គ.ជ.ប ត្រូវតែអនុវត្តច្បាប់ចំពោះគ្រប់គណបក្សនយោបាយឱ្យបានស្មើៗគ្នា។ ស្ថាប័ននេះត្រូវតែមានស្វ័យភាពហិរញ្ញវត្ថុ ម្យ៉ាងទៀតត្រូវបង្កភាពងាយស្រួលដល់គណបក្សនយោបាយក្នុងការចូលរួមការបោះឆ្នោត។

គ.ជ.ប ត្រូវតែធានាឱ្យបាននូវការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ -ភាគីពាក់ព័ន្ធ ត្រូវតែចូលរួមពិនិត្យ តាមដាន និងវាយតម្លៃការចចារនិយាយជារួម និងការអនុវត្តច្បាប់និយាយដោយឡែក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor