
ឡូសអ៊ែនជីឡេសៈ គេហទំព័រព័ត៌មាន Sputnik បានចុះផ្សាយកាលពីថ្ងៃពុធថា នាង Kristina Cohen តារាហូលីវូដដ៏ល្បីល្បាញម្នាក់ បានប្តឹងតួឯកប្រុស គឺលោក Ed Westwick ថា បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើរូបនាងកាលពីអំឡុង៣ឆ្នាំមុន ទៅកាន់នាយកដ្ឋានប៉ូលិសនៅរដ្ឋឡូសអ៊ែនជីឡេស។
សារព័ត៌មានដដែលនេះ បានឲ្យដឹងថា នាង Kristina Cohen បានដាក់ពាក្យបណ្តឹងមួយកាលពី ថ្ងៃអង្គារ ដោយបានអះអាងថា រូបនាងពិតជាត្រូវបានលោក Ed Westwick ចាប់រំលោភប្រាកដ មែនកាលពី៣ឆ្នាំមុននោះ។
តារាហូលីវូដស្រីដ៏ល្បីរូបស្រស់ស្អាតម្នាក់នេះ ក៏បានបង្ហោះព័ត៌មានផងដែរ នៅលើបណ្តាញ សង្គមហ្វេសប៊ុក ដែលក្នុងអត្ថបទនោះ បានរៀបរាប់អំពីការចាប់រំលោភរបស់តួឯកប្រុសរូបនេះ មកលើរាងកាយរបស់នាង។
ជុំវិញការចោទប្រកាន់នេះដែរ តួឯកប្រុសលោក Westwick បានសរសេរសារមួយឆ្លើយតប មកវិញតាមបណ្តាញសង្គម Twitter ថា រូបគាត់សូមធ្វើការបដិសេធទាំងស្រុងលើករណីនេះ។
តាមការបញ្ជាក់ពីប្រភពព័ត៌មានបានឲ្យដឹងថា វាជាការសម្រេចចិត្តមួយរបស់នាង Kristina ដែលបានប្តឹងទៅលើរូបលោក Westwick បន្ទាប់ពីមានការផ្ទុះកំហឹង និងបំផុសគំនិត ពីសំណាក់ក្រុមតារាល្បីៗដែលរងការបំពាន និងយាយីលើផ្លូវភេទកន្លងមកពីសំណាក់ក្រុមការ ងារ ក៏ដូចជាចៅហ្វាយនាយរបស់ពួកគេជាបន្តបន្ទាប់៕


