header ads

Sponsor

រិទ្ធី

ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មក កងទ័ពស៊ីមបាវ៉េដែលធ្លាប់តែជាបក្សពួកតែមួយ ជាមួយលោក រ៉ូបែរ មូហ្កាបេ ប្រធានាធិបតីស៊ីមបាវ៉េ បានបង្កការភ្ញាក់ផ្អើលដោយបានធ្វើអន្តរាគមកាល ដើម្បីដាក់គំនាបឲ្យលោកចុះចេញពីតំណែង។

គេដឹងថាមុនរដ្ឋប្រហារតែ២ថ្ងៃប៉ុណ្ណោះ លោកមេបញ្ជាការកងទ័ពស៊ីមបាវ៉េ បានទៅទីក្រុងប៉េកាំង ប្រទេសចិន។ ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ស៊ីមបាវ៉េ  តែចិនក៏ធ្លាប់បានត្អូញថា របបដឹកនាំរបស់លោកមូហ្កាបេ ធ្វើឲ្យគេពិបាករកស៊ីណាស់។ តើការធ្វើដំណើរទៅប៉េកាំងនេះគឺ ដើម្បីប្រាប់ភាគីចិន អំពីបំណងធ្វើរដ្ឋប្រហារ ឬក៏ទៅដើម្បីទទួលបញ្ជារពីចិនឲ្យរៀបចំធ្វើរដ្ឋប្រហារ ទម្លាក់លោក មូហ្កាបេ?

កងទ័ពស៊ីមបាវ៉េ បានសម្រេចចេញប្រតិបត្តិការយ៉ាងស្ងាត់ៗ ឡោមព័ទ្ធស្ថាប័នរដ្ឋធំៗ និងគេហដ្ឋានរបស់លោក Robert Mugabe ប្រធានាធិបតីស៊ីមបាវ៉េ អាយុ៩៣ឆ្នាំ។ ក្រុមកងទ័ពថាសកម្មភាពទាំងនេះ មិនមែនជារដ្ឋប្រហារទេ គ្រាន់តែបានបង្ខាំងលោកមូហ្កាបេឲ្យនៅក្នុងផ្ទះ និងបានដាក់កំហិតឲ្យ គាត់ចុះចេញពីតំណែងតាមសម្រួល។ តែធាតុពិត វាគឺជារដ្ឋប្រហារច្បាស់ណាស់ តែជារដ្ឋប្រហារបែបស្លូត និងអហិង្សា។ លោកស្រី Grace Mugabe ភរិយាប្រធានាធិបតី ត្រូវបានកងទ័ពចោទថាបានញុះញង់ស្វាមីខ្លួនឲ្យបណ្តេញលោក Emmerson Mnangagwa ដែលកងទ័ពគាំទ្រ ហើយអាចនឹងឡើងជាប្រធានាធិបតីបន្តពីលោកមូហ្កាបេ ចេញពីតំណែងអនុប្រធានាធិបតី។ 

៥ចំណុចដែលគេសង្ស័យថាចិននៅពីក្រោយរដ្ឋប្រហារ៖
១-លោក Constantino Chiwenga អគ្គមេបញ្ជាការកងទ័ពស៊ីមបាវ៉េ បានទៅទីក្រុងប៉េកាំង២ថ្ងៃ មុនមានរដ្ឋប្រហារ។ លោកបានជួបជាមួយលោករដ្ឋមន្ត្រីការពារជាតិចិន និងមេទ័ពចិនជាច្រើននាក់។ ប៉ុន្តែភាគីចិនបានអះអាងថា  គឺជាជំនួបធម្មតាប៉ុណ្ណោះ ពុំមានអ្វីទាក់ទងនឹងរឿងរដ្ឋប្រហារឡើយ។ ប៉ុន្តែ របាយការណ៍របស់ក្រសួងការពារជាតិចិន បានលើកឡើងពីប្រសាសន៍របស់លោកមេបញ្ជាការ Li Zuocheng ដែលបាននិយាយថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពចិន និងកងទ័ពស៊ីមបាវ៉េ មានលក្ខណៈល្អណាស់ ហើយគេនឹងរឹតចំណងនេះ ឲ្យកាន់តែតឹងណែនជាងនេះទៅទៀត។ ដូច្នេះ គេសឹងតែមិនជឿទេ ដែលថាមេទ័ពចិន និងមេទ័ពស៊ីមបាវ៉េ មិនបានលើកឡើងពីផែនការធ្វើរដ្ឋប្រហារយោធានោះ។

២-ចិនជាអ្នកបោះទុនវិនិយោគធំជាងគេបង្អស់នៅស៊ីមបាវ៉េ យោងតួលេខនៅឆ្នាំ២០១៥ ទឹកប្រាក់វិនិយោគ ៤៥០លានដុល្លារ គឺមានទំហំស្មើនឹងពាក់កណ្តាល នៃទឹកប្រាក់វិនិយោគបរទេសសរុបទាំងអស់ នៅស៊ីមបាវ៉េ។

បើទោះបីជាមានទុនវិនិយោគបែបនេះក្តី តែរដ្ឋាភិបាលលោក មូហ្កាបេ ដែលកាន់អំណាច៣៧ឆ្នាំ មិនអាចស្រោចស្រង់សេដ្ឋកិច្ចប្រទេសបានទេ ព្រោះពោរពេញដោយអំពើពុករលួយ បក្សពួកនិយម គ្មានសេវាសាធារៈត្រឹមត្រូវ។ ជាពិសេសចំនួនអ្នកអត់ការងារធ្វើកាន់តែខ្ពស់ទៅៗ ដល់ទៅ៩០%ឯណោះ។

៣-ចិនចង់ដោះដៃ ចោលខ្លាចាស់ មូហ្កាបេ បញ្ហាសង្គម បញ្ហាប្រជាធិបតេយ្យ នៅស៊ីមបាវ៉េ ចិនមិនដែលចាប់អារម្មណ៍ទេ តែងតែគាំទ្ររដ្ឋាភិបាល លោក មូហ្កាបេ ជានិច្ច។ ប៉ុន្តែ ក្រោយរដ្ឋប្រហារមួយថ្ងៃ អ្នកវិភាគចិន ថា ចិនមានការព្រួយបារម្ភណាស់ ពីស្ថានភាពនយោបាយនៅស៊ីមបាវ៉េ ដែលអាចប៉ះពាល់ ដល់ការវិនិយោគរបស់ចិន។ គម្រោងវិនិយោគជាច្រើន ត្រូវលប់ចោល។ ដូចនេះ បើសិនជាមានការផ្លាស់ប្តូរអ្នកដឹកនាំ គឺវាជាដំណឹងល្អណាស់ សម្រាប់ចិន។ នៅចុងឆ្នាំ២០១៥ លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចនៅស៊ីមបាវ៉ា បានធ្វើឲ្យប្រធានា ធិបតីស៊ីមបាវ៉េ រីកមុខមិនស្ទើរទេ។ កាលនោះ លោកមូហ្កាបេ បានទាំងប្រកាសថាចង់ប្រើប្រាស់ក្រដាសប្រាក់យ័ន ចិនធ្វើជារូបិយបណ្ណ សម្រាប់ការដោះដូរពាណិជ្ជកម្មអន្តរជាតិទៀតផង។

៤-កងទ័ពស៊ីមបាវ៉ា ជាដៃគូចាស់ដែលមានតម្លៃសម្រាប់ចិន
បើតាមលោក John Everard បានលើកឡើងថាចិនកំពុងតែយកគំរូតាមក្រុម CIA ក្នុងជំនាន់សង្រ្គាមត្រជាក់ ដែលធ្វើសកម្មភាពជំរុញឲ្យមានរដ្ឋប្រហារ ដើម្បីផ្លាស់ប្តូររបប។ 

៥-ក្រុមកងទ័ពស៊ីមបាវ៉េ មានទំនាក់ទំនងយ៉ាងល្អជាមួយចិនហើយធ្លាប់រកស៊ីជាមួយចិន រាប់សិបឆ្នាំមកហើយ។ ដូច្នេះវិធីតែមួយ គឺជួយកងទ័ពស៊ីមបាវ៉ា ឲ្យធ្វើរដ្ឋប្រហារបញ្ចប់អំណាចមូកាបេ ព្រមទាំងភរិយា។ ការធ្វើរដ្ឋប្រហារនេះ គឺស្ថិតក្នុងរង្វង់នៃផលប្រយោជន៍របស់ចិនទាំងស្រុង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post