
ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាកBentley យ៉ាងលឿនស្រាប់តែរេចង្កូតទៅបុកម៉ូតូហុងដាC125 បណ្ដោលឲ្យបុរសម្នាក់ រងរបួសរយះក ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា គេឃើញរថយន្តមួយគ្រឿងម៉ាកBenly ពណ៌គ្រាប់អម្ពឹល ពាក់ស្លាកលេខ ភ្នំពេញ 2AS-2345 បើកបរដោយបុរសម្នាក់ យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកម៉ូតូហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-0667 ជិះដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច បណ្ដោលឲ្យបុរសម្នាក់ រងរបួសរយះក ភ្លាមៗម្ចាស់រថយន្តខាងលើ បានយល់ព្រមសងតាមការស្នើសុំគឺអោយលុយទៅម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុផងដែរ៕





