ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍តបទៅនឹងអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ថា ជនក្បត់ជាតិ មិនស្គាល់ច្បាស់ពីស្ថានភាពពិតនៅកម្ពុជាទេ ជនក្បត់ជាតិឯងមិនស្គាល់ កងទ័ពនៅកម្ពុជាទេ។
សម្តេចបញ្ជាក់ថា ម្សិលមិញនេះ ជនក្បត់ជាតិ ប្រកាសធ្វើសង្រ្គាម ជាមួយកម្ពុជា ក្បត់ជាតិ តពូជ ដែលបានអំពាវនាវឲ្យកងទ័ព បែរកាណុងប្រឆាំងរាជរដ្ឋាភិបាល។ ជនក្បត់ជាតិ មិនស្គាល់ច្បាស់ពីស្ថានភាពពិតនៅកម្ពុជាទេ ជនក្បត់ជាតិឯងមិនស្គាល់ កងទ័ពនៅកម្ពុជាទេ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រតិកម្មតបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅអូឌឹម នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ បានបញ្ជាក់ថា នៅថ្ងៃនេះ ខ្ញុំដឹងថា អគ្គមេបញ្ជាការកងទ័ពកម្ពុជា ព្រមទាំងកងទ័ពកម្ពុជា នឹងដាក់ពាក្យបណ្តឹងទៅតុលាការ លើបញ្ហានេះដែរ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ពាក់ព័ន្ធទៅនឹងការអំនាវនាវរបស់លោកសម រង្សី ថា គេបានប្រកាសតាំងពីឆ្នាំ២០១១ ពីការអំពាវនាវឲ្យកងទ័ព ប្រឆាំរាជរដ្ឋាភិបាល ហើយម្សិលមិញនេះ គេបានធ្វើម្តងទៀត។ សម្តេចថា មកៗ ខ្លួនឯងតែម្តងមក ហើយបញ្ចេញទាហានមក ទាហានណាបះបោរ ហើយមានជំនួយពីបរទេសទៀត ក៏សូមអញ្ជើញមក តែខ្ញុំសូមប្រាប់ទៅវិញ ហ៊ុន សែន ម្នាក់នេះ នឹងមិនអនុញាត ឲ្យមានសង្រ្គាមកើតឡើង នៅកម្ពុជា ជាដាច់ខាត។ ហ៊ុន សែន បានធ្វើការប្រឆាំងនឹងរបបប៉ុលពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុល ពត ស្វែងរកសន្តិភាព និងការអភិវឌ្ឍ។ យើងបានអនុវត្តច្បាប់ ដើម្បីទប់ស្កាត់និងបញ្ចៀសនូវសង្រ្គាមមិនឱ្យកើតមានទៀតជាដាច់ខាត៕


