ព្រះវិហារៈ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អំពីពលករឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូង ដោយឆ្លងចូលដល់ទឹកដីប្រទេសថៃ ប្រធានគណៈបញ្ជាឯកភាពស្រុកជាំក្សាន្ត លោក ជា គឹមសេង ទទួលបទបញ្ជាពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានប្រើកណ្តាប់ដៃដែកចុះបង្ក្រាបពលករឆ្លងដែនដោយខុសច្បប់ ដែលកំពុងគៀងគរពីសំណាក់មេខ្យល់ និងឈ្មួញឈរជើងចាំទិញឈើ។
ជាក់ស្តែង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង២៖១៥នាទីរសៀល លោក ជា គឹមសេង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមួយក្រុម ដែលមានសមាសភាពកងរាជអាវុធហត្ថ១០នាក់ អធិការដ្ឋាននគរបាល៤នាក់ រដ្ឋបាលព្រៃឈើ៤នាក់ កម្លាំងយោធា២នាក់ បានចុះទៅបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចច្រកដំណាក់ទឹក ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកម្មករលួចឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូង និងរឹបអូសបានវត្ថុតាង រួមមានម៉ូតូដឹកឈើចំនួន១០គ្រឿង ឈើចំនួន១០៣ដុំ ស្មើនឹងទម្ងន់៧២៥គីឡូក្រាម។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ មិនចាប់បានជនសង្ស័យណាម្នាក់ឡើយ ដោយពួកគេបានរត់គេចខ្លួនមុនកម្លាំងចម្រុះទៅដល់ ប្រហែលពួកគេដឹងរឿងមុន។ ចំណែកវត្ថុតាងទាំងអស់ ត្រូវបានប្រមូលយកទៅរក្សាទុកនៅបញ្ជាការមូលដ្ឋានស្រុកជាំក្សាន្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






