ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាក់ស្ដែង ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចមុខយានដ្ឋាន ស្រេង ប្រណី ផ្លូវលេខ៦០៨ ក្រុមទី៥៤ ស្ថិតក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ គួយ ម៉ានិន ហៅនិន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០E នៃវិទ្យាល័យឥន្រ្ទៈទេវី ស្នាក់នៅផ្ទះលេខB៤១ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២.ឈ្មោះ ហ៊ាង លីហុង ហៅប៊យ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨B នៃវិទ្យាល័យឥន្រ្ទៈទេវី ស្នាក់នៅផ្ទះលេខ៤៥ បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣.ឈ្មោះ ធួន សារ៉ាវុធ ហៅវុធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២A2 នៃវិទ្យាល័យឥន្រ្ទៈទេវី ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៤.ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០ I2 នៃវិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤៩៤J ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ១គ្រឿង, លុយដុល្លារ២០ដុល្លារ (ជារបស់ជនរងគ្រោះ ) និងម៉ូតូចំនួន៣គ្រឿងដែលមធ្យោបាយសម្រាប់ធ្វើសកម្មភាព។
ចំណែកជនរងគ្រោះឈ្មោះ សម្បត្តិ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន លក់ប្រេងម៉ាស៊ីនរថយន្ត (MPM) ស្នាក់នៅផ្ទះ ភូមិពងទឹក ផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការ។ លុះមកដល់ចំណុចកើតហេតុ នាងក៏បានឈប់ម៉ូតូកត់លេខទូរស័ព្ទរបស់ភ្ញៀវ ខណៈនោះ ស្រាប់តែជនសង្ស័យទាំង៤នាក់ខាងលើ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាងបានសម្រេច ហើយព្យាយាមជិះគេចខ្លួន។ ភ្លាមៗនោះ នារីរងគ្រោះបានស្រែកផ្អើលសោរឡោឲ្យគេជួយ គាប់ជូនក៏ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ព័ទ្ធចាប់បានស្ដែងតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី៕



