
ស្ទឹងត្រែងៈ ជនសង្ស័យជាជនជាតិឡាវម្នាក់ រួមទាំងគ្រឿងញៀន ប្រមាណជាង១ម៉ឺនគ្រាប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបាន កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចចម្ងាយពីស្ពានទី២ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរសាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អាវុធហត្ថបានរៀបចំដាក់បណ្តាញតាមស៊ើបអង្កេត និងដោយប្រើវិធានញុះញង់ឲ្យលក់ឲ្យដោយខុសច្បាប់ ព្រមទាំងដោយមានការសម្របសម្រួលពីសំណាក់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទើបយើងអាចបង្ក្រាបករណីនេះ បានដោយជោគជ័យ។

លោកបន្តថា ជនសង្ស័យ ដែលអាវុធហត្ថឃាត់ខ្លួននោះ ឈ្មោះ ថាវ ចឺយ ភេទប្រុស ជនជាតិឡាវ អាយុ៥៨ឆ្នាំ មុនរបរកសិករ រស់នៅភូមិមឿងមឺន ឃុំនួនហៃ ស្រុកមឿងមឺន ខេត្តវៀងច័ន្ទ ប្រទេសឡាវ។
ក្រោយការឃាត់ខ្លួនជនសង្ស័យ អាវុធហត្ថរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតមីនគ្រាប់(WY)ចំនួន២កញ្ចប់ធំ ដែលមានចំនួនប្រមាណជាង១ម៉ឺនគ្រាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថនាំខ្លួនមកបន្ទាយកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕







