
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានរៀបចំពិធីទទួលស្វាគមន៍ អនុប្រធាន និងសមាជិកថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក នុត សុខុម កូតាគណបក្សហ្វ៊ុន ស៊ិនប៉ិច ជាអនុប្រធាន គ.ជ.ប ចំណែកឯ លោក ហ៊ែល សារ៉ាក់ កូតាគណបក្សសញ្ជាតិកម្ពុជា និងលោក ឌឹម សុវណ្ណារុំ អតីតប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្តីខ្មែរក្រហម សមាជិក គ.ជ.ប។
អ្នកទាំងបីរូបត្រូវបានសភាផ្តល់សេចក្តីទុកដើម្បីជំនួសតំណែង លោក គួយ ប៊ុនរឿន លោក រ៉ុងឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង ដែលមានលាលែងពីតំណែង ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។

គួររំលឹកថា ថា្នក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កើតចេញពីការសម្របសម្រួលផ្នែកនយោបាយនៅឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តាមរូបមន្ត ៤-៤-១ (មកពីគណបក្សប្រជាជនកម្ពុជា ៤រូប មកពីគណបក្សសង្គ្រោះជាតិ ៤ រូប និងមកពីអង្គការសង្គមស៊ីវិល ១រូប)។