
ភ្នំពេញៈ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កូតាអតីតគណបក្សសង្រ្គោះជាតិ(CNRP) ដែលបានលាឈប់ពីសមាជិក គ.ជ.ប ដោយសារការរំលាយគណបក្សសង្រ្គោះជាតិនាពេលកន្លងមក រួមនឹងមន្រ្តីសង្គមស៊ីវិល៧រូបផ្សេងទៀត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានស្នើទៅកាន់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ នាថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីព្រឹក។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន មុនក្លាយជាសមាជិក គ.ជ.ប លោកគឺជាប្រធានសមាគមគ្រូបង្រៀនកម្ពុជា បានកាន់កាប់អស់រយៈពេលជាច្រើនអាណត្តិ។ លោកត្រូវបានអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជ្រើសជាតំណាងរបស់បក្សឲ្យធ្វើជាសមាជិកគ.ជ.បម្នាក់ ក្នុងចំណោមសមាជិក២រូបផ្សេងទៀត និងអនុប្រធានគ.ជ.បម្នាក់ ដែលមកពីកូតាបក្សប្រឆាំងដ៏ធំនៅកម្ពុជា ក្រោយមានកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ព្រោះក្រោយការបោះឆ្នោតគណបក្សទាំងពីរ មានបញ្ហាប្រទាំងប្រទើសជាមួយគ្នាជាច្រើន និងមិនចុះសម្រុងផងដែរ៕
