
ភ្នំពេញៈ រថយន្តម៉ាក នីសាន់(FRONTIER)មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខបើកយកមកប្លុងចោល នៅចិញ្ចើមផ្លូវអ្នកបើកបរបានរត់គេចខ្លួនបាត់ រយៈពេល២ថ្ងៃមកហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែរស់នៅក្បែរកន្លែងកើតហេតុ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ដោយគេឆ្ងល់ថា មិនដឹងម្ចាស់នៅឯណា ហើយមានរឿងអីឬលួចគេពីណាមកយកមកប្លុងចោលនៅទីនេះ។
ហេតុការណ៍ការភ្ញាក់ផ្អើលនោះ កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខC35 ក្នុងបុរីវិឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលគេយកទៅប្លុងចោលនោះ ម៉ាកនីសាន់ ពណ៌ខ្មៅ (FRONTIER)ពាក់ស្លាកលេខ ភ្នំពេញ 2AE-2535 ។
ប្រភពពីម្ចាស់ផ្ទះមានឈ្មោះ អ៊ុន ទូច ភេទស្រី អាយុ៤១ឆ្នាំ ដែលគេយកមកប្លុងចោលនោះ បានឲ្យដឹងថាថា កាលពីម៉ោងប្រហែល៦និង៣០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ គាត់បានប្រទះឃើញបុរសម្នាក់ មានអាយុប្រហែលជាង៤០ឆ្នាំ និងក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ បានជិះរថយន្តនេះមកចតនៅចំណុចខាងលើ ហើយបើកទ្វារចុះដើរចេញទៅបាត់រហូតតែម្តង។
ដោយបាត់ម្ចាស់យូរពេករយៈពេល២ថ្ងៃមកហើយ មិនឃើញមកយករថយន្តវិញ រហូតដល់ថ្ងៃ៥ធ្នូនេះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ចុះទៅពិនិត្យនិងយកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីស្វែងរកម្ចាស់រថយន្តដែលបាត់។
នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោយពីសមត្ថកិច្ចពិនិត្យរថយន្ត ដើម្បីរកវត្ថុតាងឬមូលហេតុត្រឹមត្រូវមិនឃើញមានអ្វីគួឲ្យសង្ស័យ សមត្ថកិច្ចក៏បានហៅជាងមកធ្វើសោរបើករថយន្តនោះយកមកទុកនៅប៉ុស្តិ៍ឫស្សីកែវ ដើម្បីប្រកាសរកម្ចាស់ហើយបងប្អូនណាបាត់រថយន្តដូចមានភិនភាគខាងលើ សូមទំណាក់ទំនងនៅប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ខណ្ឌឫស្សីកែវ៕




