
ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ ឯ.ឧ Nguyen Chivinh ថាទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នមានភាពល្អប្រសើរជាទីបំផុត ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌកម្ពុជា វៀតណាម ឡាវ គឺមានភាពល្អប្រសើរផងដែរ។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯ.ឧ Nguyen Chivinh ហើយបានស្នើសុំឲ្យភាគីវៀតណាម និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែខ្លាំងឡើងថែមទៀត។ ក្នុងនោះដែរ សម្តេច ក៏បានផ្តល់អនុសាសន៍ដល់ ឯ.ឧ Nguyen Chivinh និងប្រតិភូ និង ក្រសួងការពារជាតិកម្ពុជាសហការគ្នាឱ្យបានស្អិតរមួត និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកហើយផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមក លើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ហើយបានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយសង្គ្រោះប្រជាជនតាមព្រំដែន នៅពេលដែលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង។
លោកនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ ឱ្យត្រៀមក្នុងការងារសង្គ្រោះនៅតាមព្រំដែន ក្នុងករណីមានទឹកជំនន់ បាក់ច្រាំង ខ្យល់ព្យុះ និងភ្លើងឆេះព្រៃជាដើមនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្ដេច ហ៊ុន សែន ក៏បានផ្តើមស្នើឱ្យមានកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរក្នុងការចូលរួមបេសកកម្មការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្រៅប្រទេសទៀតផង។
នៅល្ងាចនេះ ឯ.ឧ នឹងជួបពិភាក្សាការងារជាមួយ សម្តេច ទៀ បាញ់ អំពីការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការវិស័យយោធា ការចែករំលែកបទពិសោធន៍ នៃការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ កិច្ចសហប្រតិបត្តិការល្បាតលើដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែន ព្រមទាំងជំរុញនូវកិច្ចសហប្របតិបត្តិការលើវិស័យវប្បធម៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំង៤ ដូចជា កម្ពុជា ឡាវ វៀតណាម និងប្រទេសចិនអោយកាន់តែស្អិតរមួតនិងមានប្រសិទ្ឋភាព។

