
ភ្នំពេញៈ កំហឹងពលរដ្ឋបានផ្ទុះឡើងភ្លាមៗ រហូតឈានដល់សម្លាប់មនុស្សក្នុងពេលតែមួយប៉ព្រិចភ្នែក បន្ទាប់ពីអ្នកភូមិបឹងទំពុនស្រែកថាមានចោរប្លន់។
មនុស្សម្នាក់ដែលគេអះអាងថា ជាជនសង្ស័យក្នុងអំពើប្លន់ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធវាយសម្លាប់មួយរំពេច ខណៈគូកនម្នាក់ទៀត រត់គេចខ្លួនបន្ទាប់ពីបាញ់ប្លន់អ្នករាប់លុយ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួស នៅព្រលប់ថ្ងៃចន្ទ ១កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង សុីណូ បានប្រាប់ Cam Post ថា ស្រ្តីអ្នករាប់លុយម្នាក់ ត្រូវជនល្មើសបាញ់ប្លន់ ប៉ុន្តែមិនរបួសធ្ងន់ធ្ងរទេ។

អធិការរូបនេះបញ្ជាក់ថា ជនល្មើសមានគ្នា២នាក់ ជិះម៉ូតូតាមជនរងគ្រោះពីក្រោយ ខណ:ជនរងគ្រោះចូលទៅក្នុងផ្ទះរាប់លុយលើគ្រែ ស្រាប់តែមានជនល្មើសម្នាក់ចូលទៅតាម រួចក៏ធ្វើសកម្មភាពបាញ់ប្លន់ទៅលើជនរងគ្រោះចំនួន២គ្រាប់ បណ្តាលឲ្យត្រូវកំភួនជើងផ្នែកខាងឆ្វេង។

លោកអធិការបន្តថា ពេលនោះ ជនរងគ្រោះបានស្រែកហៅឲ្យគេជួយ ខណៈជនល្មើសរត់ចេញមកវិញ ប៉ុន្តែចេញមិនរួច ដោយសារអ្នកភូមិភ្ញាក់ផ្អើលឆោឡោ នាំគ្នាឡោមព័ទ្ធនិងវាយរហូតដល់ស្លាប់ភ្លាមៗតែម្តង។
លោក តេង សុីណូ បន្ថែមទៀតថា ជនល្មើសម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ដោយបន្សល់កាំភ្លើងខ្លី ម៉ាកK59 នៅកន្លែងកើតហេតុជាមួយសពជនសង្ស័យ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ខណៈគេមិនទាន់ស្គាល់អត្តសញ្ញាណ ហើយភ្លាមៗ សមត្ថកិច្ចពាក់ព័ន្ធក៏បានចុះទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ផងដែរ៕





