
ភ្នំពេញៈ អ្នកចាំទី ស៊ូ យ៉ាទី របស់ក្រុមបឹងកេតអែហ្វស៊ី បានរងរបួសចង្កេះធ្ងន់ នៅអំឡុងពេលប្រកួតជើងទី២ នៃវគ្គជម្រុះបឋមពានរង្វាន់ជើងឯកក្លិបអាជីពប្រចាំតំបន់ប្រទេសដងទន្លេមេគង្គ Toyota Mekong Club Championship 2017 (TMCC) កាលពីថ្ងៃពុធ ថ្មីៗនេះ ហើយរបួសនេះប្រហែលជាត្រូវការព្យាបាលមួយរយៈពេល ដែលប៉ះពាល់ដល់ការប្រកួតសំខាន់ៗនៅចុងរដូវកាលរបស់ក្លិប។
អ្នកចាំទីសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជារូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ជាដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត និងមិត្តភកិ្តបងប្អូនទាំងអស់ រួមទាំងគ្រួសារជាទីស្រលាញ់របស់ខ្ញុំផងដែរ...ជាពិសេស គឺអ្នកគ្រាំទ្រទាំងអស់ ដែលតែងតែយកចិត្តទុកដាក់នឹងបារម្ភរបួសរបស់ខ្ញុំ។ ឥឡូវបានធូរស្រាលបន្តិចហើយ តែមិនទាន់បានប្រសើរនៅឡើយទេ ដូច្នេះខ្ញុំត្រូវវេជ្ជបណ្ឌិតតម្រូវឲ្យបន្តសម្រាបនៅមន្ទីពេទ្យ ដើម្បីតាមដានស្ថានភាពជំងឺបន្តទៀតសិន។ សង្ឃឹមថា វានឹងប្រសើរឡើងវិញ»។

ចំណែកលោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុមបឹងកេតអែហ្វស៊ី បានប្រាប់អ្នកសារព័ត៌មានថាកីឡាកររូបនេះ របួសចង្កេះពេលប៉ះជាមួយកីឡាករក្រុម Sanna Khánh Hòa នៅចុងតង់ទី១ ជំនួបជើងទី២ ភ្លាមៗនោះក្លិបបានសម្រេចបន្តបញ្ជូនកីឡាកររូបនេះទៅមន្ទីរពេទ្យជាបន្តពេលចប់តង់ទី១។ គិតត្រឹមថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ កីឡាកររូបនេះនៅមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយនោះទេ ដោយរង់ចាំតាមដានពីគ្រូពេទ្យសិន។ លោកមិនរំពឹងថា កីឡាកររូបនេះអាចជួយក្រុមបានវិញនៅឡើយក្នុងបេសកម្មចុងសប្ដាហ៍នេះ។
ក្រុមបឹងកេតអែហ្វស៊ី ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១ ចុងសប្ដាហ៍ជាមួយក្រុមណាហ្គាវើល ហើយត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមខ្លាំងរវាងចំណាត់ថ្នាក់លេខ២ ព្រះខ័នរាជស្វាយរៀង និងក្រុមឡើងមកពីលេខ៣ ណាហ្គាវើល ឬលេខ៤ ក្រសួងការពារជាតិ) ផងដែរ៕




