
(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ កាលពីថ្ងៃទី១២ ខែធ្នូ ២០១៧ ត្រូវបានក្រុមគ្រួសារសម្រេចបញ្ចូន ទៅព្យាបាលបន្តនៅមន្ទីរពេទ្យ ប្រទេសថៃជាលើកទី២ ដើម្បីធ្វើការវះកាត់ជំងឺដុំសាច់ ដែលដុះក្នុងថ្លើម ហើយមិនតែប៉ុណ្ណោះ នាយក៏មានជំងឺទឹកនោមផ្អែម និងមានដំបៅក្រពះធ្ងន់ធ្ងរផងដែរ ខណៈជីវភាពកំពុងតែជួបការលំបាក។

ក្រោយដំណឹងនេះបានផ្សព្វផ្សាយ ក៍បានជ្រាបដល់ប្រមុខដឹកនាំឆ្នើមរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ហើយក្នុងឱកាសដែលសម្ដេច អញ្ជើញចូលរួមជាអធិបតីភាព និងសំណេះសំណាល ក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនដល់កីឡាករ-កីឡាការិនី ជ័យលាភីមេដាយមាស ក្នុងការប្រកួតកីឡា Sea Games លើកទី២៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចបានប្រកាសជាសាធារណៈថា សម្ដេចសន្យានឹងជួយព្យាបាលជំងឺ នាយ វីតាមីនសេ រហូតជាដល់សះស្បើយ ដើម្បីបន្តការងារសិល្បៈសាឡើងវិញ។
តាមការប្រកាសជូនខាងលើនេះ ដោយសម្ដេចបានថ្លែងថា៖
«និយាយឲ្យច្បាស់ទៅ..យ៉ាងណា ក៏ត្រូវតែព្យាបាលតាវីតាមីនសេឲ្យជាដែរ…! តាវីតាមីនសេ មិននិយាយខ្ញុំប្រកាសថ្ងៃនេះ.. ថ្ងៃមុនភរិយាខ្ញុំឲ្យប្រាក់មួយចំនួន ទៅពិនិត្យ..ត្រឡប់មកវិញគាត់សម្ភាសន៍ តាម CNC (ទូរទស្សន៍CNC) តម្រូវការនៃការវះកាត់ថ្លើម របស់គាត់ត្រូវតែធ្វើ. ខ្ញុំជូន៥ម៉ឺនដុល្លារភ្លាម ឲ្យទៅព្យាបាល ហៅទូរស័ព្ទទៅតាសេ..តាសេយំតែម្ដង..!»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តទៀតថា ការជួយដល់តារាកំប្លែង នាយវីតាមីនសេ នៅពេលនេះ គឺជាការស្រោចស្រង់ជីវិត ជួយសង្គ្រោះឲ្យទាន់ពេលវេលា ព្រោះស្ថានភាពជំងឺកំពុងតែត្រូវការវះកាត់ភ្លាមៗ ហើយបើចាំរៃអង្គាសប្រាក់គ្នា ម្នាក់បន្តិចៗ នោះនឹងហួសពេលមិនខាន។


