
នៅព្រឹកថ្ងៃទី២ ខែធ្នូនេះ សម្តេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៧។
តាមការគ្រោងទុកសម្តេច ហ៊ុន សែន នឹងទៅដល់ក្រុងសៀមរាប នៅម៉ោង ១:០០នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា។ សម្តេច ហ៊ុន សែន ក៏សូមអញ្ជើញបងប្អូនជនរួមជាតិ ចូលរួមក្នុងពិធីបុណ្យនេះឱ្យបានច្រើនកុះករ និងសូមជូនពរបងប្អូនជួបតែសេចក្ដីសុខ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយនានានៅលើពិភពលោក ក្រោមមូលបទ”ធ្វើការរួមគ្នាដើម្បីកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកដ៏ស្រស់ត្រកាល ការទទួលខុសត្រូវរបស់គណបក្សនយោបាយ។
