Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពលករខ្មែរ៣០០នាក់ ត្រៀមបញ្ជូនទៅប្រទេសម៉ាឡេស៊ីជាលើកដំបូង ចាប់ពី ខែមីនា ឆ្នាំ២០១៨ នាពេលខាងមុខ ក្រោយពីកម្ពុជាបានដាក់បំរាមបញ្ជូនពលករចេញទៅប្រទេសម៉ាឡេស៊ីអស់រយៈពេល៦ឆ្នាំមកហើយនោះ។

យោងតាមសារព័ត៌មានរបស់ម៉ាឡេស៊ី (Malaymail Online) បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា ពលករខ្មែរប្រមាណ៣០០នាក់ នឹងត្រូវបញ្ជូនមកម៉ាឡេស៊ីក្នុងខែមិនា ឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីរាជរដ្ឋាភិបាលទាំង២ បានចុះហត្ថលេខា MOU ស្តីពីការបញ្ជូនពលករនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កាលពី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីយន្តការការពារ និងផ្តល់សុខមាលភាពជូនពលករកម្ពុជាធ្វើការនៅប្រទេសម៉ាឡេស៊ី រវាងអគ្គនាយកដ្ឋានការងារ និងសមាគមទីភ្នាក់ងារពលករបរទេសម៉ាឡេស៊ី។

អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ ដើម្បីជាយន្តការបន្ថែមទៀតសម្រាប់ឆ្លើយតបឲ្យបានប្រសិទ្ធភាពខ្ពស់បំផុត ទៅតាមស្មារតី នៃអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំង២ ក្នុងការការពារ លើកកម្ពស់សិទ្ធិ ការសម្របសម្រួល និងធានាចំពោះសុវត្ថិភាព សុខមាលភាពរបស់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅម៉ាឡេស៊ី។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់បម្រាបបញ្ជូនពលករ ពិសេសស្រ្តី ឲ្យទៅធ្វើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ី ក្រោយពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់រឿងពលករខ្មែរត្រូវបានរងនូវការធ្វើបាប ជួញដូរកម្លាំងពលកម្មជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor