
ភ្នំពេញៈ នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ អនុរក្សពន្ធនាគារព្រៃសម២ បានបញ្ជូនស្ត្រីជនជាប់ចោទម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះទោស ពាក់ព័ន្ធការចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្តាញសង្គមហ្វេសប៊ុក ថាសុទ្ធតែជាឃាតកសម្លាប់បណ្ឌិត កែម ឡី។
ស្ត្រីជាប់ចោទឈ្មោះ ហុិន វ៉ាន់ស្រីពៅ ហៅហេង លក្ខិណា អាយុ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។
នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា ពិតជាបានបង្ហោះវីដេអូតាមហ្វេសបុកជេរប្រមាថក្រុមគ្រួសារសម្ដេចនាយករដ្ឋមន្ត្រីដូចការចោទប្រកាន់មែន។
ស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណតរថយន្ត រិទ្ធិ មុនី បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូតាមគណនីហ្វេសប៊ុកឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថា សុទ្ធតែជាឃាតក ក្នុងអំឡុងពេលនាងកំពុងស្ថិតក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ដែលរៀបចំឡើងនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

នាងបាននិយាយក្នុងវីដេអូនោះថា ហ៊ុន សែន ហ្នឹងហើយ គ្រួសារគាត់ហ្នឹងហើយ កូនចៅរបស់គាត់ អ្នកណាក៏ជាឃាតកដែរ។ គ្រួសារគាត់ហ្នឹង អ្នកណាក៏ប្រឡាក់ឈាមលោក បណ្ឌិត កែម ឡី។
នាង ហុិន ស្រីពៅ បាននិយាយថា ពិតជាបានបង្ហោះវីដេអូក្នុងហ្វេសប៊ុកមែន តែខ្លួនគ្មានចេតនានិយាយបែបនេះទេ ដោយសារតែកំហឹងមួយពេល ក៏ចេះតែនិយាយទៅៗ។ ជាចុងក្រោយ សូមឲ្យតុលាការបន្ធូរបន្ថយទោសដល់នាងផង នាងដឹងខ្លួនខុសហើយ។
ជុំវិញរឿងក្តីនេះ ចៅក្រមជំនុំជំរះ បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ខាងមុខ៕