
ភ្នំពេញៈ លោក ឌុច សុខសារិន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧បានប្រកាសសាលក្រម លើសំណុំរឿងកូនប្រុសនាយហុងដា និងនារីជាសង្សារ សម្លាប់ម្តាយចុងប្លន់យកទ្រព្យសម្បត្តិ ដោយផ្តន្ទាទោសកូនប្រុសនាយហុងដាដាក់ពន្ធនាគារ៧ឆ្នាំ និងនារីជាសង្សារដាក់ពន្ធាគារ៥ឆ្នាំ។
សេចក្ដីសម្រេចនេះ បើកផ្លូវឲ្យជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្ត និងសាលក្រម។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ លោកចៅក្រមបានសម្រេចបើកសវនាការលើសំណុំរឿងកូនប្រុសនាយហុងដា និងនារីជាសង្សារ ដែលសម្លាប់ម្តាយចុងប្លន់យកទ្រព្យសម្បត្តិ តែសវនាការនេះ ត្រូវជំនុំជម្រះជាអសាធារណៈ។ ក្រោយពីសួរដេញដោលរួច លោកចៅក្រមសម្រេចកំណត់យកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ពេលរសៀល ដើម្បីប្រកាសសាលក្រម។
ក្នុងរឿងនេះ មានជនជាប់ចោទ ទី១.ឈ្មោះ ខា សុខេន ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ជាប់ចោទពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ពួកគេទាំង២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វា ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចឈ្មោះ ខា សុខេន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពសម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាពតែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពីធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរស័ព្ទណូគា១គ្រឿង និងម៉ូតូ១គ្រឿង ចាកចេញតែម្តង។ ដែលរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេញផ្ទៃប្រទេស ពិសេសបណ្តាញសង្គមហ្វេសប៊ុក។
ជនជាប់ចោទ សុខេន បានរៀបរាប់ថា រូបគេបានមករស់នៅខុនដូជាមួយឪពុក និងម្តាយចុង ប្រហែល៤ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹបដែលត្រូវជាប្រពន្ធមុនរបស់នាយហុងដា មានប្តីថ្មី។ ក្នុងពេលមករស់នៅជាមួយឪពុក ឈ្មោះ សុខេន បាននាំសង្សារឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយ ហើយខ្លួនមិនសូវចូលចិត្តម្តាយចុងទេ ដោយសារនៅពេលដែលឪពុកខ្លួនមិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោសឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំមករហូត។ ក្រោយពេលសម្លាប់ ម្តាយចុងរួចហើយ ឈ្មោះ សុខេន បានទៅសម្រាកនៅផ្ទះម្តាយសង្សារ១យប់ នៅខណ្ឌឫស្សីកែវ។ លុះព្រឹកឡើង ទើបនាំសង្សារមកដេក ស្នាក់នៅជក់ថ្នាំញៀននៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រីឯគ្រឿងអលង្ការ ដែលរូបគេប្លន់បាន គឺយកទៅបញ្ចាំបាន៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថា កាឡៃ ហើយម៉ូតូបញ្ចាំបាន១០០ដុល្លារ រួចយកលុយទាំងនោះ ទិញថ្នាំញៀនប្រើប្រាស់ជាមួយសង្សារ៕

