លោក-អ្នកដឹងទេ គ្រាន់តែនៅក្នុងខេត្តទេសចរណ៍សៀមរាបមួយ មានជនបរទេស ចំនួន ១,៦៨៧គ្រួសារ សរុប៤,៧៩៦នាក់ មាន៥សញ្ជាតិ កំពុងរស់នៅនាពេលបច្ចុប្បន្ន។
លោក អ៊ុក គឹមឡេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ខណៈដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពី ការរៀបចំឯកសារជនបរទេស បានជំរុញឲ្យមន្ត្រី និងអាជ្ញាធរជាប់ពាក់ព័ន្ធ បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការចុះសម្រង់ស្ថិតិជនបរទេស ឲ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
លោកវរសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនបរទេសបែបអន្តោប្រវេសន៍ស្នាក់នៅយូរ មានឯកសារត្រឹមត្រូវ មានចំនួន៩៩៥គ្រួសារ ស្មើនឹង២,៦៦៤នាក់ ។ អ្នកស្នាក់នៅយូរមានឯកសាររដ្ឋបាលមិនប្រក្រតី មានចំនួន៤៦២គ្រួសារ ស្មើនឹង១,៥២០នាក់ ពួកគេបានធ្វើកិច្ចសន្យារក្សាទុក (មានគល់បញ្ជីត្រឹមត្រូវ) បានចំនួន៤៤១ឯកសារ និងជនបរទេសដែលត្រូវបានធ្វើកំណត់ហេតុដកហូតឯកសារ (គ្មានគល់បញ្ជី) បានចំនួន១៩៣ឯកសារ៕

