Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនបរទេសមិនមានសិទ្ធិ ដាច់ខានក្នុងការទទួលយក ឯកសាររដ្ឋបាលកម្ពុជាចំនួន៦ ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយល់ដឹងនិងរួមសហការគ្នាធ្វើអោយបានល្អ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក្នុងអង្គប្រជុំស្តីពីការងារអនុវត្តអនុត្រឹត្យលេខ១២៩អនក្រ បក ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ដែលបានធ្វើឡើងនៅសាលាខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី១១ធ្នូ ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ចូលរួមផងដែរនោះ។

លោក កែវ វណ្ណថន បានបញ្ជាក់ឲ្យដឹងថា ឯកសាររដ្ឋបាលកម្ពុជាចំនួន៦ ដែលជនបរទេសមិនមានសិទ្ធិ ដាច់ខានក្នុងការទទួលយក ក្នុងនោះរួមមានសៀវភៅគ្រួសារ  សៀវភៅស្នាក់នៅ សំបុត្រកំណើតខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណខ្មែរ និងលិខិតឆ្លងដែនខ្មែរ ។ បើជនបរទេសមានឯកសាររដ្ឋបាលកម្ពុជាទាំង៦នេះ គឺមានន័យថា ខុសច្បាប់ហើយ ឬអាចនិយាយបានថា ជាឯកសារមិនប្រក្រតីដែលត្រូវដកហូតមកវិញ ។

លោកបន្ថែមទៀតថា ក្រុមការងាររបស់លោកនឹងចាប់ផ្តើអនុវត្តការងារនេះ ចាប់ពីថ្ងៃអង្គារទី១២​ ខែធ្នូ ឆ្នាំ២០១៧នេះ តទៅ ដោយធ្វើក្នុងសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ មុនគេ រហូតដល់បញ្ចប់ទាំង១០សង្កាត់ទូទាំងខណ្ឌទួលគោក ហើយនៅពេលចុះប្រតិបត្តិការក្រុមការងាររបស់លោក នឹងធ្វើឡើងក្នុងសកម្មភាព២ ក្នុងពេលតែមួយ ពោលគឺដៃម្ខាង ដកយកសាររដ្ឋបាលទាំង៦ដែល មិនប្រក្រតីនោះ មកវិញ និងដៃម្ខាងទៀតអោយជនបរទេសទាំងនោះ បំពេញឯកសារសុំចូលជាជនអន្តោប្រវេសន៍ស្របច្បាប់ ។បន្ទាប់មកអោយពួកគាត់ដាក់ពាក្យ ដើម្បីធ្វើប័ណ្ណស្នាក់នៅជាមួយនឹងការបង់ប្រាក់ប្រមាណ២៥ម៉ឺនរៀល ចូលជាថវិការដ្ឋទើបពួកគាត់រកស៊ីនិងស្នាក់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់បាន ។

លោកកែវ វណ្ណថន បានបញ្ជាក់ឲ្យដឹងទៀតថា ជនបរទេសដែលអាចចូលជាសញ្ញាតិខ្មែរបាន គឺមានតែព្រះមហាក្សត្រតែមួយអង្គគត់ ដែលអាចឡាយព្រះហស្សអោយចូលជាសញ្ញតិខ្មែរបាន គ្មានមន្ត្រីសង្កាត់ ខណ្ឌណាធ្វើបាននោះទេ ។ បើជនបរទេសចូលសញ្ញាតិខ្មែរ ដោយមានព្រះរាជក្រឹត ស្របនឹងផ្លូវច្បាប់ហើយនោះ មានន័យថា ពួកគាត់មានសញ្ញាតិជាខ្មែរហើយ ដូច្នេះ ពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការទួល យកឯកសាររដ្ឋបាលកម្ពុជាទាំង៦ ដែលមានដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើតខ្មែរសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណខ្មែរ និងលិខិតឆ្លងដែនខ្មែរជាដើម។

លោក កែវ វណ្ណថន បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៥-២០១៦មានជនអន្តោប្រវេសន៍ជាង១៩ម៉ឺន កំពុងរស់នៅកម្ពុជា ខណៈឆ្នាំ២០០២ មានជនអន្តោប្រវេសន៍រស់នៅតែជាង៧ម៉ឺននាក់តែប៉ុណ្ណោះ មានន័យថាជនអន្តោប្រវេសន៍មានការកើនឡើងក្នុង១ឆ្នាំប្រមាណ១ម៉ឺននាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor