Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ដើម្បីមានការងារល្អ វិជ្ជាជីវៈល្អ និងមានភាពជោគជ័យនៅក្នុងជីវិត បុគ្គលម្នាក់ៗ ត្រូវខិតខំរៀនសូត្យឲ្យបានខ្ពស់ មានអ្នកខ្លះបញ្ចប់ថ្នាក់បរិញ្ញា អ្នកខ្លះបញ្ចប់ថ្នាក់អនុបណ្ឌិតជាដើម។ ដោយឡែកវិជ្ជាជីវៈ និងអាជីពជាជាងកាត់ដេរសម្លៀកបំពាក់វិញ មិនចាំបាច់រៀនសូត្រចេះដឹងជ្រៅជ្រះពេកទេ ទាមទារតែការអត់ធ្មត់ តស៊ូ និងយកចិត្តទុកដាក់ ក៏អាចធ្វើឲ្យទទួលបានប្រាក់ចំណូលខ្ពស់បានដែរ។ ជាក់ស្តែងយុវជនរៀនត្រឹមថា្នក់ទី៩ម្នាក់ អាចរកប្រាក់ចំណូលបាន ជាង៥រយ ទៅ​១ពាន់ដុល្លារក្នុងមួយខែ ពីអាជីពជាជាងការដេរសម្លៀកបំពាក់នេះ។

អតីតជាកូនជាងស៊ីឈ្នូលគេ ក្លាយជាមេជាងដ៏ចំណានប្រចាំខេត្តកំពត ហើយឈានដល់បើកកន្លែងកាត់ដេរសម្លៀកបំពាក់ដោយខ្លួនឯង លោក ភួង សារឿន អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិគ្រាំ សង្កាត់គ្រាំងអំពិល ក្រុងកំពត បានប្រាប់ឲ្យដឹងថា ដោយសារលោកជាកូនកសិករក្រីក្រ ឪពុកម្តាយគ្មានប្រាក់សម្រាប់ឧបត្ថម្ភគាំទ្រ ទំនុកបម្រុងការសិក្សា និងដោយសារជីវភាពគ្រួសារខ្វះខាតផងនោះ លោកបានសម្រេចចិត្តបោះបង់សាលានៅពេលរៀនបញ្ចប់ថ្នាក់ទី៩។ បន្ទាប់មកលោកបានទៅរៀនកាត់ដេរនៅទីក្រុងភ្នំពេញ ហើយដេរស៊ីភាគរយឲ្យថៅកែ។

មេជាងកាត់ដេរដ៏មានប្រជាប្រិយភាពនៅក្នុងក្រុងកំពតរួបនេះ បានបន្តថា ក្រោយពេលសន្សំលុយបានមួយចំនួននៅឆ្នាំ២០១០ លោកក៏បានមកបើកកន្លែងកាត់ដេរដោយខ្លួនឯងនៅខេត្តកំពត។ ដំបូងលោកដេរតែម្នាក់ឯងប៉ុណ្ណោះ កាលនោះលោកជួលផ្ទះគេតម្លៃ៤៥ដុល្លារក្នុងមួយខែ។ ដោយមុខរបរជាជាងកាត់ដេរចេះតែរីកចម្រើនឡើង លោកក៏បានទទួលសិស្ស និងអ្នកជាងដេរស៊ីភាគរយបន្ថែម ហើយការចំណាយរបស់លោកក៏កាន់តែច្រើនផងដែរ។ បច្ចុប្បន្ន កន្លែងរបស់លោកមានជាងដេរស៊ីភាគរយតាមជំនាញរៀងៗខ្លួនចំនួន៨នាក់ ជាមធ្យមមានភ្ញៀវមកកាត់សម្លៀកបំពាក់ ចន្លោះពី១៥ទៅ២០កំប្លេ។ ភ្ញៀវភាគច្រើនជាសិស្សគ្រួបង្រៀន និងមន្ត្រីរាជការតាមបណ្តាមន្ទីរផ្សេងផ្សេងៗ។

យុវជនរូបនេះ បានបន្ថែមថា ជាងដេរស៊ីភាគរយ ក្នុងមួយនាក់ៗជាមធ្យមអាចរកប្រាក់ចំណូលបានចន្លោះពី១លានទៅ១លានប្រាំសែនរៀលក្នុងមួយខែ ធ្វើឲ្យការចំណាយសរុបរបស់លោកទាំងឈ្នួលជាង ក្រណាត់ និងសម្ភារៈផ្សេងអស់ពី៧ទៅ៨ពាន់ដុល្លារក្នុងមួយខែ ប៉ុន្តែក៏អាចរកចំណូលបានប្រមាណជាង១ពាន់៥រយដុល្លារក្នុងមួយខែ។

លោក សារឿន បានបញ្ជាក់អំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដែរថា មនុស្សគ្រប់គ្នា ត្រូវមានមធ្យោបាយ អាជីព វិជ្ជាជីវៈ សម្រាប់រស់រៀងៗខ្លួន ដូច្នេះអ្នកដែលមិនបានរៀន ឬបានរៀនទាបក្តីកុំអស់សង្ឃឹម ត្រូវតែក្លាហាន ឈានប្រឈមមុខនិងសង្គម ហើយនិយាយថា ខ្ញុំអាចធ្វើបាន” 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor