
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោក ព្រាប កុល បានសរសេរថា៖ ខ្ញុំបាទ ព្រាប កុល សូមប្រើសិទ្ធិជាឯកជនរបស់ខ្ញុំ និងសិទ្ធិជាពលរដ្ឋខ្មែរ ដោយយោងជំពូកទី៧ មាត្រា ៧៦ នៃរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីរដ្ឋសភា សូមប្រកាស មិនទទួលស្គាល់តំណាងរាស្ត្រចំនួន ៥៥ រូប ដែលមិនបានទទួលសន្លឹកឆ្នោតពីពលរដ្ឋ ដោយផ្ទាល់ ឬតាមរយ:គណបក្សនយោបាយណាមួយតាមរយ:ការបោះឆ្នោត ថាជាតំណាងរបស់ខ្ញុំឡើយ។

ព្រះអង្គម្ចាស់ នរោត្តម ណរឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុន ស៊ិនប៉ិច បានច្រានចោលការរិះគន់របស់លោក ព្រាប កុល ព្រះអង្គមានព្រះបន្ទូលថា៖ វាសិទ្ធិរបស់គាត់ដែលមិនទទួលស្គាល់ពួកយើង ប៉ុន្តែយើងត្រូវតែបំពេញតួនាទីភារកិច្ចរបស់យើងនៅមុខព្រះភក្ត្រព្រះកុរណា នរោត្តម សីហមុនី។
ចំណែកឯ លោក សេង សុខហេង ប្រធានគណបក្សសញ្ជតិកម្ពុជា ច្រានចោល ហើយថាការអះអាងរបស់លោក ព្រាប កុល ជំទាស់នឹងច្បាប់របស់កម្ពុជា។ លោកបន្ថែមទៀតថា៖ អ្វីដែលយើងកំពុងធ្វើគឺធ្វើតាមច្បាប់ ហើយការសម្រេចរបស់តុលាការកំពូល ដូចនេះ លោកគាត់ប្រឆាំងនឹងច្បាប់កម្ពុជា។ ពួកយើងកំពុងតែចូលក្នុងរដ្ឋសភាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយគណបក្សសញ្ជាតិកម្ពុជានឹងចូលរួមគ្រប់កិច្ចប្រជុំរបស់រដ្ឋសភាដើម្បីបម្រើជាតិ និងធានាឱ្យមានស្ថិរនយោបាយ។
