Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ប្រធានការិយាល័យកាំកុងត្រូលច្រកទ្វារអន្តរជាតិព្រែកចាក លោក សៅ រស្មី បានមានប្រសាសន៍ថា លទ្ធផលការងាររយៈពេល១១ខែ ក្នុងឆ្នាំ២០១៧នេះ មានលក្ខណៈល្អប្រសើរ ពិសេសផលិតផលចំណីអាហារធានាបាន១០០ភាគរយ នូវគុណភាព និងសុវត្ថភាព ដោយសារផលិតផលទាំងនោះ ត្រូវបានត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុតពីមន្ត្រីជំនាញកាំកុងត្រូល។

ការលើកឡើងរបស់លោកបែបនេះ នៅក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងការិយាល័យកាំកុងត្រូល ច្រកទ្វារអន្តរជាតិព្រែកចាក។

លោកបានបន្តថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ផែនការនៅតាមបណ្តាប៉ុស្តិ៍ទាំងអស់ ឲ្យយកចិត្តទុកដាក់ ពង្រឹងការងារ អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅទប់ស្កាត់ឲ្យបានទាន់ពេលវេលា នូវទំនិញនាំចូល ពិសេសគឺផលិតផលម្ហូបអាហារគ្មានគុណភាព ហួសការកំណត់ប្រើប្រាស់ និងមានផ្ទុកនូវសារធាតុគីមីហាមឃាត់ជាដើមនោះ មន្ត្រីរបស់លោក ក្នុងរយៈពេលកន្លងមក បានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងម៉ឺនម៉ាត់ ហ្មត់ចត់ និងមានលក្ខណៈសុក្រិតបំផុត ក្នុងការត្រួតពិនិត្យទំនិញនាំចូល ជាពិសេសផលិតផលចំណីអាហារ។

ជាលទ្ធផល ចំពោះបន្លែផ្លែឈើ ត្រី និងសាច់ បើតាមការពិនិត្យកន្លងទៅ ដោយមានទាំងការប្រើប្រាស់ឧបករណ៍រថយន្តចល័តផងនោះ  ក្រុមការងាររកមិនឃើញភាពអវិជ្ជមានណាមួយនោះទេ ចំណែកផលិតផលអាហារកែច្នៃ ក៏មិនមានអ្វីខុសប្រក្រតីដែរ ដោយសារឈ្មួញ និងអាជីវករទាំងក្នុង និងក្រៅខេត្ត មានការយល់ដឹងច្រើន បន្ទាប់ពីមន្ត្រីជំនាញកាំកុងត្រូល បានចុះត្រូតពិនិត្យ និងធ្វើការណែនាំអំពីសុវត្ថិភាពចំណីអាហារតាមផ្សារ តាមម៉ាត តាមដេប៉ូ និងតូបជាហូរហែរហូតមក ហើយក៏នៅតែបន្តធ្វើតទៅទៀតដែរ។

ដោយឡែក ចំពោះការពិនិត្យលើបង្គាក្លាសេ មន្ត្រីជំនាញបានសហការជាមួយព្រះរាជអាជ្ញារ និងកម្លាំងពាក់ព័ន្ធ បានរកឃើញបង្គាចាក់បញ្ចូលសារធាតុចាហួយ និងបានរឹបអូសមកដុតបំផ្លាញចំនួន៥៥០គីឡូក្រាម នៅក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៧នេះ។

នៅក្នុងកិច្ចសម្ភាសន៍នោះដែរ លោកប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រែកចាក ក៏បានអំពាវនាវឲ្យឈ្មួញ អាជីវករ ជួយផ្សព្វផ្សាយបន្តដល់អ្នកប្រើប្រាស់ អំពីអនាម័យ និងសុវត្ថិភាពចំណីអាហារ ក៏ដូចជារបៀបជ្រើសរើសផលិតផលមានគុណភាព និងចេះពិនិត្យការកំណត់ប្រើប្រាស់ជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor