ថៃៈ ពលករខ្មែរសរុបចំនួន១១ នាក់ ត្រូវបានកម្លាំងចម្រុះភាគីថៃ ចាប់ខ្លួននៅក្នុងទឹកដីខេត្ត នគររាជសីមា បន្ទាប់ពីពួកគេ បាននឹងកំពុងលបលួចស្ពាយឈើគ្រញូងចេញពីក្នុងតំបន់ឧទ្យានជាតិ ដែលជាតំបន់ហាមឃាត់ របស់ប្រទេសថៃ។
ការឃាត់ខ្លួននេះ ត្រូវបានភាគីថៃ ដែលមានកម្លាំងតម្រួត និងក្រុមអភិរក្សព្រៃឈើថៃ ធ្វើឡើងកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងឧទ្យានជាតិ ថាប់ឡានស្ថិតក្នុងស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ ដែលក្នុងនោះពលករខ្មែរ ដែលត្រូវបានចាប់ខ្លួនមានចំនួន ១១នាក់។
កិច្ចប្រតិបត្តិការនេះ កម្លាំងចម្រុះបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា រណាយន្ត១គ្រឿង និងឈើគ្រញូងចំនួន១៤ផ្ទាំង តម្លៃសរុបជាង១សែនបាត ព្រមទាំងបាននាំខ្លួនយកទៅកាន់ រដ្ឋបាលព្រៃឈើ នៅក្នុងស្រុក ខនបុរី ដើម្បីធ្វើការសាកសួរបន្ត។
ចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា ពួកគេទាំងអស់គ្នាមានចំនួនប្រមាណ ជិត ៩០ នាក់ ត្រូវបានជនជាតិខ្មែរ និងថៃ នាំឆ្លងដែន និងធ្វើដំណើរចូលទៅក្នុងតំបន់ ឧទ្យានជាតិនេះប្រហែល ជាង១សប្តាហ៍ មកហើយ ដើម្បីធ្វើសកម្មភាពកាត់ឈើគ្រញូង និងទទួលបានប្រាក់កម្រៃមកវិញ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញថៃ កំពុងធ្វើការស៊ើបរកមេក្លោង ដែលនៅពីក្រោយខ្នងពួកគេហើយគេក៏ចង់ដឹងដែរថា តើក្រុមនេះមានការពាក់ព័ន្ធជាមួយនឹងក្រុមជាង៧០នាក់ ដែលទើបនិងចាប់ខ្លួនបានកាលពីពេលថ្មីៗកន្លងទៅ នោះដែរឬទេ?៕
