Sponsor
អាម៉ាប៉ាប៉ាញ៉ូស

វេលាម៉ោងប្រមាណ​៨​យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានគេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន, បានសម្រេចប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់ ក្រោយសម្ដេច ហ៊ុន សែន ព្រមាន​ចាត់ការ ។

ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ មានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការស្ម័គ្រចូលខ្លួនឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីបទបញ្ជាយ៉ាងដាច់ណាត់របស់សម្ដេចថា «ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្យ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។

គួរជម្រាបថា កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល ដោយមានការសម្របសម្រួលនីតិវិធីរបស់តុលាការខេត្ត នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាប និងវាយកម្ទេចទីតាំងបញ្ជល់មាន់ដ៏ធំមួយកន្លែង នៅក្បែររបងវត្តខ្សាច់ពោធិ៍អារ្យ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដែលគេស្គាល់ថា ជាទីតាំងរបស់លោក ថៃ ផានី ហៅ ម៉ាប់ កូនប្រសារបស់លោក ហ៊ុន សាន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សជាង១៥០នាក់ រថយន្ត៥០គ្រឿង ម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងជាច្រើនផ្សេងទៀតផងដែរ។ រថយន្ត និងម៉ូតូទាំងនេះ ត្រូវគេរាយការណ៍មកថា ជារបស់មន្ត្រីយោធា មន្ត្រីប៉ូលិស និងប្រជាពលរដ្ឋស៊ីវិលដែលចូលលេងល្បែងនៅក្នុងទីតាំងខាងលើ។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តតាកែវ ដឹកនាំដោយលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែនៅស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាបណ្តោះអាសន្ន ខណៈទីតាំងវង់ល្បែងដែលត្រូវបានគេសាងសង់ឡើងដូចជាស្តាតបាល់ទាត់មួយផងនោះ ក៏ត្រូវសមត្ថកិច្ចសម្រេចកម្ទេចចោលដោយអេស្កាវ៉ាទ័រផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor