
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងលិខិតរបស់សហភាពអឺរ៉ុប ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ថា៖ គ.ជ.ប មានការសោកស្តាយចំពោះការសម្រេចព្យួរជំនួយរបស់សហភាពអឺរ៉ុបដោយមូលហេតុដោយខាងក្រោម៖
១- សហភាពអឺរ៉ុបគួរតែយល់ថា គ.ជ.ប អនុវត្តការងារជាអ្នកបច្ចេកទេស ហើយសហភាពអឺរ៉ុបមិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយមកដោះស្រាយជាមួននឹងការងារបច្ចេកទេសរបស់គ.ជ.ប ទេ។
២- ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ.ជ.ប នៅតែរក្សាគោលដៅចម្បងទាំងពីរ ដែល គ.ជ.ប បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧
ទី៣- សហប្រតិបត្តិការរបស់ គ.ជ.ប កន្លងមកជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺប្រកបដោយឆន្ទៈ បង្ហាញឱ្យភាគីពាក់ព័ន្ធឃើញផ្ទាល់ភ្នែកពីតម្លាភាព ដែល គ.ជ.ប រៀបចំការបោះឆ្នោតនេះ ហើយលទ្ធផលបានបង្ហាញយ៉ាងច្បាស់ពីសាធារណមតិទាំងជាតិ និងអន្តរជាតិរួចមកហើយដែរ។ នៅខាងមុខ គ.ជ.ប នៅតែបន្តរក្សាជំហរដដែល ហើយនៅតែស្វាគមន៍តែចំពោះជំនួយអន្តរជាតិណាដែលប្រកបដោយសុឆន្ទៈពិតប្រាកដ។
គ.ជ.ប បញ្ជាក់ថាខ្លួនបានគ្រោងថវិកាគ្រប់គ្រាន់សម្រាប់រៀបចំបោះឆ្នោតនេះរួចរាល់ហើយ។ ការសម្រេចរបស់សហភាពអឺរ៉ុបជាសិទ្ធិយល់ឃើញរបស់សហភាពអឺរ៉ុប រីឯសេចក្តីខាងលើក៏ជាសិទ្ធិយល់ឃើញរបស់ គ.ជ.ប។
