Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ បក្ខពួកចោរប្លន់ប្រដាប់អាវុធម្នាក់ ក្នុងចំណោម៣នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ជិន លាប ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅផ្ទះសំណាក់ភ្នំមាស សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ។ ចំណែកបក្ខពួក២នាក់ ទី១.ឈ្មោះ គុង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៣.មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជនសង្ស័យ២នាក់នេះ កំពុងរត់គេចខ្លួន។

ដោយឡែក ជនរងគ្រោះឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួននេះ ជាមេក្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនផងដែរ។ ជាមួយនឹងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី១ដើម ម៉ាកK59 ក្រូមេពណ៌ស លេខ០៧៥៧ បង់១ និងគ្រាប់៨គ្រាប់ រួមទាំងម៉ូតូ១គ្រឿង ម៉ាក EXCITER ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៥ (ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភ័ក្តិនៅភូមិកើតហេតុ។ ពេលទៅជិតដល់ ស្រាប់តែលេចមុខក្នុងជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ មកពីក្រោយបញ្ជាឲ្យជនរងគ្រោះឈប់។ ខណៈនោះ ជនរងគ្រោះមិនបានឈប់ទេ ពេលនោះក្រុមជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជុង រួចយកម៉ូតូឡើងជិះរត់គេចខ្លួន។ ភ្លាមៗនោះ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញស្ទាក់ឃាត់ខ្លួនបានម្នាក់ ចំណែកជនសង្ស័យ២នាក់ទៀតជាបក្ខពួក ជិះគេចខ្លួនបាត់ស្រមោល។

ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនជាម្ចាស់កាំភ្លើង និងបានបបួលបក្ខពួក២នាក់ទៀតចេញធ្វើសមកម្មភាពប្លន់ ហើយក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor