ព្រះវិហារៈ ប្តីប្រពន្ធ រួមនិងកូន បានដឹកគ្នាមកទិញម្ហូបនៅផ្សារ លុះដល់ពេលត្រឡប់ទៅផ្ទះវិញ បើកម៉ូតូមិនប្រយ័ត្នបុកគោ បណ្តាលឲ្យស្លាប់ទាំងប្តីទាំងប្រពន្ធ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកកូនរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជា២រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ69 ពីរង្វល់មូលផ្សារស្រអែមឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារចន្លោះបង្គោលគីឡូម៉ែត្រលេខ225-226 ស្ថិតក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេតព្រះវិហារ។
លោកអនុសេនីយ៍ឯក ហ៊ុយ សុផុន នាយប៉ុស្តិ៍នគរបាលឃុំស្រឯម បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស និងស្ត្រី រួមនិងកូនម្នាក់ផងនោះ បានជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាត្រឡប់មកពីផ្សារ មកដល់ចំណុចកើតហេតុ ក៏បុកគោពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ និងកូនបោកក្បាលនៅលើដងផ្លូវ រងរបួសធ្ងន់ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកសម្តេច ជា ស៊ីម ស្រះក្តុលដឹកយកមកសង្គ្រោះភ្លាមៗ តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេក ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ក៏ស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ដោយឡែកកូនរងរបួសធ្ងន់។
លោកមេប៉ុស្តិ៍បានបន្តថា បុរសជាប្តីឈ្មោះ ក្រូច ទ្រូ អាយុ៤៩ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះប៉ែន ចន្ថា អាយុ៤៣ឆ្នាំ មុខរបរកសិករ កូនឈ្មោះ វង្ស ធារ៉ា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣ រស់នៅភូមិតេជោបុសស្បូវ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


