Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ​ ក្រុម​ជនសង្ស័យ​ចំនួន​៣នាក់​ ​ដែល​តែង​តែ​យកឈ្មោះ​ប្រមុខ​ថ្នាក់ដឹកនាំ  នៅខុទ្ទកាល័យសម្តេចតេជោ  ក្រសួងមុខងារសាធារណៈ  ក្រសួងមហាផ្ទៃ​ ឬ​ក្រសួង​ដទៃ​ទៀត​ ដើម្បី​ធ្វើការ​ឆបោក​ថា​ នឹង​រត់ការតំឡើង​សក្តិយស ផ្ទេរតំណែង ឡើង​ប្រាក់​បៀវត្សរ៍​ ជូន​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជការ​នៅ​តាម​ស្ថាប័ន​នានា​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ និង​ឃាត់ខ្លួន​បាន​ហើយ​ ព្រម​ទាំង​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​កម្លាំង​នគរបាលខេត្តត្បូងឃ្មុំ សហការ​ណ៍​ជាមួយ​កម្លាំង​នគរបាល​ស៊ើបការណ៍​ខាងក្រៅនិងបច្ចេកទេស និងប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូ​ កន្លង​ទៅ​ថ្មីៗ​ នៅចំណុចភូមិនិគមក្រោម ឃុំស្រឡប់​ ស្រុក​ ខេត្ត​ត្បូងឃ្មុំ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​៖​ ១-ឈ្មោះ​ខន សុម៉ាលី ហៅស្រីទូច​ ២-ឈ្មោះ​ថា សុផាត​ ត្រូវ​ជាប្តីស្រីទូច​ និង​ទី៣-ឈ្មោះ​ខន សុរិយា​ ហៅស្រីពៅ​ ជាប្អូនរបស់ស្រីទូច(ជាអ្នកបំផ្លាញវត្ថុតាង)។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ ពួកគេបានប្រើ​ប្រាស់ទូរស័ព្ទសម្រាប់ធ្វើសកម្មភាពឆបោកមនុស្សជាច្រើន ដោយ​បានប្រើទូរស័ព្ទ​ដែល​មានលេខដូច​ខាង​ក្រោម​៖ 092​ 249333 / 092​ 615522 / 096​ 5520906 / 097​ 4465888 / 097​ 2803666 / 097​ 8252666 / 031​ 7644448។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា​ ពួក​គេ​តែង​តែ​ក្លែងបន្លំថា ខ្លួនជា​ ឯកឧត្តម​ រដ្ឋលេខាធិការ អគ្គនាយក លោកជំទាវ​ ឬជា​ថ្នាក់​ដឹកនាំ​ផ្សេង​ៗ​ ដើម្បី​ធ្វើ​សកម្មភាព​ឆបោក​។​ ករណី​នេះ​ឈ្មោះខន​ ​សុម៉ាលី​ និងឈ្មោះថា សុផាត​ អាច​ត្រូវ​ប្រឈមការដាក់ពន្ធនាគារ​ពី២ឆ្នាំទៅ៥ឆ្នាំ(មាត្រា៣៨០) ដោយ​ឡែក​ឈ្មោះ​សុរិយា អាចប្រឈមនឹងការដាក់ពន្ធនាគារ​ ពី១ឆ្នាំទៅ៣ឆ្នាំ​ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល​(មាត្រា៥៣៣)។

ក្នុង​នោះសមត្ថកិច្ច​ក៏បានសំណូមពរ​ដល់បងប្អូនដែលត្រូវបានអ្នកប្រើប្រាស់លេខទាំងនេះបោកប្រាស សូមមកដាក់​ពាក់ប្តឹងបន្ថែម​ ដោយ​កម្លាំង​ជំនាញ​នៅរង់ចាំទទួលជារៀងរាល់ម៉ោងធ្វើការ។

ករណី​នេះ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើការ​សឹក្សាស្រាវជ្រាវតាមបច្ចេកទេសជំនាញ​ ដើម្បីតាម​ស្វែងរក​ចាប់មុខសញ្ញាដែលនៅសេសសល់បន្តទៀត​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor