នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងដោយលោក សៀង សុខ បានចេញដីការកោះហៅលោក សម រង្ស៊ី ដែលនិរទេសនៅបរទេស ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៩ ព្រឹក ខាងមុខនេះ ដើម្បីបំភ្លឺលើសំណុំរឿងញុះញង់កងទ័ពឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាល។
ដីការបញ្ជាក់ថា៖ ហៅលោក សម រង្ស៊ី ដើម្បីសាកសួរ ពីដំណើររឿង ឈ្មោះ វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាលពីខែធ្នូ ឆ្នាំ២០១៧។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិកំពុងតែរងបណ្តឹងជាច្រើន ហើយក៏ក្លាយជាទណ្ឌិតរួចហើយដែរ។
លោក សម រង្ស៊ី ធ្លាប់បានប្រាប់ថា គាត់មិនដែលខ្វល់នឹងរឿងបណ្តឹងនោះទេ។ ម្យ៉ាងទៀត តុលាការនៅប្រទេសកម្ពុជាតែងតែរងការចោទប្រកាន់ពីសំណាក់មហាជនក៏ដូចជាសង្គមស៊ីវិល ថាស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច។
