
រតនគិរីៈ បើទោះបីលោកអភិបាលខេត្តដាក់វិធានការឲ្យទប់ស្កាត់រាល់ការដឹកជញ្ជូនបទល្មើសឈើនៅបណ្តាស្រុកទាំងអស់ក៏ដោយ តែគេសង្កេតឃើញថា លោកអភិបាលស្រុកអណ្តូងមាស ដែលជាគណៈបញ្ជាការឯកភាពស្រុកនៅមិនទាន់មានចំណាត់ការទប់ស្កាត់រាល់ការដឹកជញ្ជូនឈើនៅក្នុងភូមិសាស្ត្រស្រុករបស់ខ្លួននៅឡើយ។
ជាក់ស្តែងជារៀងរាល់ថ្ងៃគេសង្កេតឃើញថា មានបទល្មើសដឹកឈើដោយខុសច្បាប់ តាមរយៈម៉ូតូរាប់រយគ្រឿងក្នុង១ថ្ងៃៗ រួមនិងរថយន្តប្រភេទឡង់គ្រីស័រកាត់ទ្រុងជាច្រើនគ្រឿងផ្សេងទៀត ដែលប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ក្រុមដឹកតាមរថយន្ត នឹងមានមេឈ្មួញធំៗ២-៣ក្រុមជាអ្នករត់ការតាមផ្លូវនៅតំបន់នោះ ដែលមានសមត្ថកិច្ចជិត១០ស្ថាប័ន រួមទាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងក៏មានឈរជើងនៅទីនោះផងដែរ។

ដោយសារភូមិសាស្ត្រឃុំញ៉ាងក្នុងស្រុកអណ្តូងមាសនេះ ជាតំបន់ដែលនៅឆ្ងាយដាច់ស្រយាលជាងគេពីទីរួមខេត្តរតនគិរី ដែលមួយភាគនៃឃុំញ៉ាងនេះ ដាក់ទៅនិងតំបន់កន្ទុយនាគជាតំបន់សមត្ថកិច្ចខ្លះ រួមនិងអ្នកយកព័ត៌មានពិបាកនិងទៅយកព័ត៌មាននៅទីនោះណាស់ដែលជាហេតុធ្វើឲ្យក្រុមឈ្មួញមួយចំនួន ត្រូវរូវគ្នាជាមួយនិងសមត្ថកិច្ចឈរជើងនៅទីនោះ សម្ងំលួចលាក់ធ្វើចរាចរដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តឡង់គ្រីស័រកែច្នៃយ៉ាងអាណាធិបតេយ្យនៅតំបន់ញ៉ាងនេះ ដែលក្រុមឈ្មួញទាំងអស់នោះដឹកចេញពីតំបន់ព្រៃភូមិមុយ ព្រៃភូមិតាំងជិ ព្រៃភូមិតាំងស៊េ និងមួយផ្នែកចេញពីស្រុកតាវែងឆ្លងកាត់ នឹងស្រុកអណ្តូងមាស ក្នុងឃុំញ៉ាង ចូលយកទៅលក់នៅវៀតណាមតាមច្រករបៀងតូចៗដូចជាច្រកតាឡាវ ច្រកអូរសាថី ច្រកអូរពាមសៀវទៅយ៉ាងរលូន។
ប្រជាពលរដ្ឋនៅស្រុកអណ្តូងមាស និងប្រជាពលរដ្ឋនៅឃុំញ៉ាង ពួកគាត់បានសូមសំណូមពរដល់លោកអភិបាលស្រុក មេត្តាចាត់វិធានការទប់ស្កាត់ក្នុងនាមលោកជាគណៈបញ្ជាការឯកភាពស្រុក មិនគួរបណ្តែតបណ្តោយឲ្យក្រុមឈ្មួញទាំងនេះ ធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាអាណាធិបតេយ្យបានយ៉ាងដូច្នេះឡើយ៕



