Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម៉ូតូ៩គ្រឿង និងមនុស្ស២នាក់ ម្នាក់ជាសន្តិសុខ បាន​រងរបួសស្រាល ក្រោយពីសន្តិសុខផ្ទះសំណាក់ “តារាពេជ្រ” ម្នាក់ បើកបើក​រថយន្តម៉ាកកាមរីគូទហើម ស៊េរីឆ្នាំ៩៥ បុករះ កាលពីវេលាម៉ោង៨យប់ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅមុខហាងមីហិរ៧យ៉ាងសន្ធមុខ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

សន្តិសុខម្នាក់ យាមហាងមីហិរខាងលើនេះបានប្រាប់ថា មុនពេលកើតហេតុរថយន្តបង្កហេតុនោះបើកបរឆ្លងផ្លូវពីលិចមក ហើយមិនដឹងជាយ៉ាងម៉េចក៏ជ្រុលទៅបុករះម៉ូតូរបស់ភ្ញៀវចូលហូបមីហិរ បណ្តាលឲ្យដួលម៉ូតូរងការខូចខាតជាច្រើនគ្រឿង និងសន្តិសុខម្នាក់រងរបួសស្រាលបានទៅព្យាបាលមន្ទីរពេទ្យឯកជននៅក្បែរនោះ។ សន្តិសុខដដែលបន្តថា មុនពេលមកបុកម៉ូតូនៅហាងនេះ ឃើញបុកគេនៅត្រង់ម្តុំសាលាសន្ធរមុខនោះផងដែរ គឺបុកអ្នករត់ម៉ូតូកង់បីតែមិនដឹងថា រងរបួសយ៉ាងម៉េចនោះទេ។

ដោយឡែកអ្នកបើកបររថយន្តបង្កហេតុ ក៏ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរនៅស្នាក់ការប៉ុសិ៍្តនគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដើម្បីរក្សាសុវតិ្ថភាព។ សមត្ថកិច្ចបានប្រាប់ថា រថយន្តបង្កហេតុម៉ាកកាមរីគូទហើម ស៊េរី៩៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-4512 បើកបរដោយឈ្មោះ គឹម ​សុជីន ភេទប្រុស អាយុ២៦ឆ្នាំ បំរើការងារនៅក្រុមហ៊ុនAGS Security និងមានស្រុកកំណើតនៅស្អាង ខេត្តកណ្តាល ហើយបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន។

គឹម សុជីន ជាអ្នកបើកបររថយន្តបង្កហេតុបានប្រាប់ថា រូបគាត់ពុំមានចេតនានោះទេ គាត់ជាសន្តិសុខយាមផ្ទះសំណាក់ “តារាពេជ្រ” ស្ថិតនៅក្បែររបងសាលាសន្ធមុខ។ គឹម សុជីន បានបន្តរៀបរាប់ដោយទឹកមុខស្រង៉ូចស្រង៉ាត់ថា មិនដឹងជាថ្ងៃស៊យអ្វីនោះទេ ភ្ញៀវម្នាក់បានមកចូលសម្រាកនៅផ្ទះសំណាក់ហើយគេបានហុចសោររថយន្តនោះឲ្យមករូបគាត់ជាសន្តិសុខជួយរញ៉ែចតឲ្យបានស្រួលបួលផង។ ពេលនោះរូបគាត់ក៏ឡើងរញ៉ែរថយន្តថយក្រោយក៏បុកនឹងម៉ូតូកង់៣គេ ដែលចតនៅក្បែរនោះ ហើយរូបគាត់ក៏បើកចេញទៅមុខគេចនឹងម៉ូតូគេ១គ្រឿងទើបជ្រុលទៅបុករះម៉ូតូមុខហាងមីហិរនោះតែម្តង។

បញ្ហាខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា វាជាករណីដោយអចេតនាទេ។ តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលបានបង្កឡើងទៅហើយនោះ គឺយើងជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រោយកើតហេតុទាំងមនុស្ស និងរថយន្តបង្កហេតុព្រមទាំងម៉ូតូរងគ្រោះបានបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor