ភ្នំពេញៈ នគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនយុវជនជាសង្សារ ដែលបានចាក់សម្លាប់មិត្តស្រី នៅបន្ទប់ជួលទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ។
ព្រះរាជអាជ្ញាអមតុលាការ កំពុងសាកសួជនដៃដល់នៅឡើយ ក្នុងករណីតុលាការរកឃើញថា ជនដៃដល់មានចេតនាសម្លាប់ជនរងគ្រោះ ដោយប្រកាណាមួយគិតទុកជាមុន នោះឃាតករូបនេះ ត្រូវប្រឈមមុខជាប់ពន្ធនាគារ អស់មួយជីវិត ។
សូមរំលឹកថា កាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាតកម្មមួយ បានកើតឡើង ដោយជនល្មើស ឈ្មោះ ស៊ុយ មេសា ហៅ លូ អាយុ២២ឆ្នាំ ជាអ្នកលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពចាក់សម្លាប់សង្សាររបស់ខ្លួន ដែលជានារីរងគ្រោះ ឈ្មោះ សេក ស៊ីយ៉ា ជាអ្នកបម្រើការ នៅក្នុងខារ៉ាអូខេ ដឹឃ្វីន ស្នាក់នៅផ្ទះជួលលេខ១០២ ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចំណុចកើតហេតុមានស្រុកកំណើត នៅខេត្តកំពត ត្រូវជនល្មើសរូបនេះ ចាក់ត្រង់ពោះ និងដៃរហូតដល់ស្លាប់បាត់បង់ជីវិត រួចជនល្មើសបានរត់គេចខ្លួនទៅសម្ងំ នៅឯខេត្តតាកែវ។
ក្រោយពីមានករណីឃាតកម្មនេះរួចមក សមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ សហការជាមួយនិងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយនាយការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានឈានទៅដល់ការស្រាវជ្រាវ ចុះចាប់ខ្លួនបានជនល្មើសខាងលើនេះបាន នៅវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបើកការសាកសួរភ្លាមៗ។
ក្រោយសមត្ថកិច្ចជំនាញ ធ្វើការសាកសួររួចហើយនោះ ជនល្មើសរូបនេះ បានសារភាព នៅចំពោះមុខសមត្ថកិច្ច ថា ខ្លួនពិតជាបានចាក់សម្លាប់នារីរងគ្រោះមែន ព្រោះខ្លួន និងនាងជាសង្សារដែលទើបស្គាល់គ្នាប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុពួកគេទាំង២នាក់ ស្ថិតបន្ទប់ដោយ រួមភេទជាមួយគ្នា។ ក្រោយមកសង្សារខ្លួន ដែលជានារីរងគ្រោះបានលើកទូរស័ព្ទ និយាយជាមួយមនុស្សប្រុសម្នាក់ ដោយខ្លួន ឮមនុស្សប្រុសនោះនិយាយថា ម៉េចហើយកំពុង ដេកជាមួយប្រុសទៀត ហើយ? ហើយខ្លួនជាជនល្មើសក៏ ឮ នាងឆ្លើយវិញ អឺ បើមិនដេកជាមួយប្រុសឲ្យទៅដេកជាមួយ អ្នកណា? ទើបធ្វើឲ្យខ្លួនខឹងនិងមានចិត្តប្រចណ្ឌដោយមិន ទុកចិត្តនាងព្រោះតែនាងមានមនុស្សប្រុសច្រើនពេក រហូតប៉ះទង្គិចសម្តីគ្នាខ្លាំង ឈានទៅដល់ការចាក់ សម្លាប់តែម្តង។
លុះនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌសែនសុខ បាននាំខ្លួនជន ល្មើសខាងលើមកធ្វើត្រាប់ និងស្វែងរក វត្ថុតាងកូនកាំបិត ដែលជននេះ បានគ្រវែងចោលក្បែរបរិវេណចំណុចកើតហេតុ តែរកឃើញមិនឃើញនោះឡើយ ទើបនាំខ្លួនជនល្មើស រូបនេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខវិញ ដើម្បីធ្វើសន្និសីទកាសែត បង្ហាញមុខជាសាធារណៈ និងបញ្ជូនឡើងតុលាកាតនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ៕

